ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលដំណើរនិវត្តន៍របស់ហាជ្ជីកម្ពុជា ជាលើកចុងក្រោយ១០៣នាក់ សម្រាប់ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖   លោកឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទទួលដំណើរនិវត្តន៍របស់ហាជ្ជីកម្ពុជាចំនួន ១០៣ នាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កាលពីរាត្រីថ្ងៃ១០កើតខែភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្រោយពីរដូវបុណ្យហាជ្ជី ត្រូវបានបិទបញ្ចប់នៅថ្ងៃទី ១៥ សីហាកន្លងទៅនេះ ឃើញថាបងប្អូនសាសនិកឥស្លាមទូទាំងពិភពលោកជិត ៣លាននាក់ បានធ្វើដំណើរនិវត្តន៍ទៅកាន់មាតុប្រទេសរៀងៗខ្លួន ចំណែកឯកម្ពុជា ក៏បានធ្វើការវិល ត្រឡប់មកជាបន្តបន្ទាប់ដែរ ហើយនេះគឺជាការវិលត្រឡប់ចុងក្រោយបង្អស់នៃក្រុមហាជ្ជី ក្នុងចំនួនសរុប ១១៣៧ នាក់ របស់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្រោយពីបានបំពេញកាតព្វកិច្ចទីប្រាំរបស់ពួកគេប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី ៩ កញ្ញានេះ ការវិលត្រឡប់របស់ហាជ្ជីកម្ពុជាមានចំនួន២ ជើង ជើងទី១ មានចំនួន ៧០ នាក់ ជើងទី ២ មានចំនួន ១០៣ នាក់ ដែលជើងទីមួយត្រូវបានទទួល ស្វាគមន៍ដោយលោក ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយគណៈ ប្រតិភូដែលអមដំណើរជាច្រើនរូបផងដែរ។នៅឆ្នាំ ២០១៩ នេះកម្ពុជាមានអ្នកទៅធ្វើបុណ្យហាជ្ជនៅឯប្រទេសអារ៉ាប៊ីសាអ៊ូឌីត ១១៣៧ នាក់ ដែលចំណាយថវិកាប្រមាណ ៤,៨០០,០០០ ដុល្លារអាមេរិក។ បើតាមការកំណត់កូតា កម្ពុជាយើងមានប្រមាណតែជាង ៦០០ នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយើង ប្រទេសអារ៉ា ប៊ីសាអ៊ូឌីត​ បានអនុគ្រោះដោយបានកំណត់អោយដល់ទៅ១២០០ នាក់ ដោយមិនទាន់កំណត់កូតា។

លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖ ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែល ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណជិត ៣ លានអ្នក បានធ្វើធម្មយាត្រាទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់ពួកគេនោះទេ៕ សំរិត


ចែករំលែក៖