ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អាវុធនៅតំបន់ការពារធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អាវុធនៅតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដោយស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថាសេចក្តីណែនាំនេះ ធ្វើឡើងដើម្បីគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់អាវុធ ក៏ដូចជាការគ្រប់គ្រងគ្រាប់រំសេវនៅតាមតំបន់ការពារធម្មជាតិឱ្យបានល្អស្របតាមច្បាប់ដែលមានជាធរមាន។

លោកបានថ្លែងថាសេចក្តីណែនាំនេះធ្វើឡើងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិដើម្បីឱ្យមានការគ្រប់គ្រងច្បាស់លាស់លើអាវុធគ្រាប់រំសេវទាំងនោះ ហើយសេចក្តីណែនាំនេះត្រូវបានបញ្ជូនដល់មន្ត្រីពាក់ព័ន្ធដូចជាប្រធានមន្ទីរបរិស្ថាន នាយកដែនជម្រកសត្វ នាយកឧទ្យាជាតិទាំងអស់ និងបានណែនាំត្រូវតែអនុវត្តឱ្យបានល្អ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីគ្រប់គ្រងអាវុធគ្រាប់រំសេវតាមតំបន់ការពារធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងក្រមព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព ក្រសួងបរិស្ថានបានធ្វើការណែនាំ និងដាក់ចេញនូវបទបញ្ជាដូចជាត្រូវរៀបចំឃ្លាំងនិងមានធ្នើរដាក់អាវុធនៅទីតាំងដែលមានសុវត្ថិភាព និងឱ្យបានត្រឹមត្រូវ អាចប្រើប្រាស់អាវុធបានតែក្នុងពេលចុះបំពេញបេសកកម្មល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើស ធនធានធម្មជាតុគ្រប់រូបភាពក្នុងតំបន់ការពារធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្មនិងប័ណ្ណសម្គាល់អាវុធឱ្យបានត្រឹមត្រូវ ក្នុងបេសកកម្ម ហាមដាច់ខាតការបាញ់បោះ លើកលែងតែក្នុងករណីពិសេសដែលត្រូវការពារខ្លួនពីគ្រោះថ្នាក់ចំពោះមុខ ហើយករណីបាត់បង់ ត្រូវរាយការណ៍ និងធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ។

តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងតែគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែងមានទំហំប្រមាណ ៧ ២៤៩ ០២៤ ហិកតាដែលក្នុងនោះមានឧទ្យានជាតិចំនួន ១២ កន្លែង ដែនជម្រកសត្វព្រៃចំនួន ២០ កន្លែង តំបន់ការពារទេសភាពចំនួន ១២ កន្លែង តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨ កន្លែង តំបន់រ៉ាមសារចំនួន ៥ កន្លែង តំបន់បេតិកភណ្ឌធម្មជាតិចំនួន ២ កន្លែង និងរបៀងអភិរក្សជីវសាស្ត្រចម្រុះចំនួន ៣ កន្លែង។ ក្នុងការការពារនិងអភរិក្សតំបន់ការពារធម្ម ជាតិទាំងនេះ ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២២០ នាក់ដែលកំពុងឈរជើងការពារយ៉ាង ហ្មត់ចត់នូវធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ប្រធានមន្ទីរបរិស្ថាននិងជាប្រធានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិរាជធានីខេត្តដែលបានទទួលអាវុធ ត្រូវស្នើសុំគ្រូបង្វឹកជាយោធាចារ្យនៅតាមបណ្តាភូមិភាគ ដើម្បីហ្វឹកហ្វឺនបណ្តុះបណ្តាលដល់ប្រធានមន្ទីរបរិស្ថានរាជធានីខេត្ត និងមន្ត្រីឧទ្យានុរក្សក្នុងការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធប្រភេទ CKC ដែលទទួលបាននោះ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានក៏បានចេញសេចក្តីណែនាំមួយផ្សេងទៀតទាក់ទងនឹងការប្រើប្រាស់ឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញសម្គាល់សម្រាប់មន្ត្រីឧទ្យានុរក្សដែលកំពុងប្រចាំការនៅតាម តំបន់ការពារធម្មជាតិនានាក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការប្រើប្រាស់ឯកសណ្ឋានស្របតាម លិខិតបទដ្ឋានច្បាប់។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញសម្គាល់សម្រាប់មន្ត្រីឧទ្យានុរក្សដែលកំពុងប្រចាំការនៅតាម តំបន់ការពារធម្មជាតិ និងសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អាវុធនៅតំបន់ការពារធម្មជាតិ៕ សហការ


ចែករំលែក៖