ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កុមារី វ៉ាន់ វីតា ស្រាប់តែលេចមុខចាប់ដៃគូសម្តែង និងច្រៀងផ្ទាល់ជាមួយតារាចម្រៀង ឃីង សាន់ បង្កើតទស្សនីយភាពថ្មីក្នុងបទចម្រៀងក្រោមចំណងជើងថា”ប្តីចាស់”។ បទចម្រៀងនេះ ត្រូវបាននាងលើកឡើងថា ជាការសាកល្បងរួមជាមួយដៃគូថ្មី និងចង់ចូលរួមអបអររាំលេងកម្សាន្តសម្រាប់ឱកាសពិធីភ្ជុំបិណ្ឌខាងមុខផងដែរ ។
ទើបវ័យ១៣ឆ្នាំ វ៉ាន់ វីតា ដែលល្បីឈ្មោះក្នុងរឿង”ផ្កាថ្ម” នោះមានសន្ទុះទីផ្សារការងារសិល្បៈច្រើនពិសេសការសម្តែង។ នាងទទួលបានឱកាសសម្តែងមួយចំនួនជាបន្តបន្ទាប់ទាំងភាពយន្តភាគ ភាពយន្តខ្នាតធំ និងការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនមួយចំនួនផងដែរ។ នាងបញ្ជាក់ថា ការងារសម្តែងមានការករីកចម្រើនខ្លាំងខណៈទីផ្សារការងារកាន់តែល្អប្រសើរចាប់ពីដើមឆ្នាំរហូតមក។ វ័យក្មេងមែនប៉ុន្តែនាងទើបនឹងបញ្ចប់ការថតផ្សព្វផ្សាយសម្អាងការល្បីមួយនៅភ្នំពេញផងដែរ។
នាងលើកឡើងថា គឺជាការពេញចិត្ត ចង់បានហើយក៏ស្របតាមក្តីប្រាថ្នាស្លៀកសម្លៀកបំបាក់បែបមនុស្សពេញវ័យផងដែរ។ វីតា លើកឡើងថាថ្មីៗនេះនាងសាកល្បងច្រៀងបទចម្រៀងមរតកដើមជាលើកដំបូង ដែលជាបទប្រជាប្រិយខ្មែរ និងដើម្បីទុកជាអនុស្សាវរីយ៍ និងអបអរពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីសាសនាធំរបស់ប្រជាជនខ្មែរគឺបទ”ប្តីចាស់” ។ នាងថា បទថ្មីនេះនាងបានចាប់ដៃគូសម្តែងជាមួយតារាចម្រៀង ឃីង សាន់ ដែលគេដឹងថានាងមានទំនាក់ទំនងរាប់អានជិតស្និទ្ធកន្លងមកផងដែរ។
បើទោះបីជាបទចម្រៀងលើកដំបូងមែនប៉ុន្តែនាងថាពិតជាពេញចិត្តដែលអាចមានឱកាបន្ថែមស្ថានដៃសិល្បៈថ្មី បើទោះបីជាមិនទាន់ល្អឥតខ្ចោះប៉ុន្តែនាងរំពឹងថានឹងមានបទចម្រៀងថ្មីក្រោយៗទៀតចែកជូនទស្សនិកជនដែលបានគាំទ្រនាងកន្លងមក៕ វឌ្ឍនា