ភ្នំពេញ៖ បុរសម្នាក់បានត្រូវរងរបួសធ្ងន់ធ្ងរស្ទើរតែដាច់កដៃ ខណៈដែលកំពុងឈរលេងនៅក្បែរប៉ុស្តិ៍នគរបាលមនោរម្យ ត្រូវជនសង្ស័យមានគ្នា២នាក់ ម្នាក់ជិះរថយន្ត ម្នាក់ជិះម៉ូតូ បានមកព្រួតគ្នាកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ស្ទើរដាច់ដៃត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង ១០ និង៤០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣៤ នៅចំណុចផ្ទះលេខ38Eo ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមអ្នកដែលបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះកំពុងតែឈរលេងនៅម្តុំក្បែរប៉ុស្តិ៍មនោរម្យ ស្រាប់តែមានជនបង្ក២នាក់ម្នាក់ជិះម៉ូតូមិនចាំម៉ាក និងម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកឡិចសុីស GS-300 ពណ៌ខ្មៅ គ្មានស្លាកលេខ បានព្រួតវាយ និងកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងសង្ស័យរឿងគំនុំ ។
ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសរួចមក ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល តែសំណាងអាក្រក់ជនសង្ស័យដែលជិះរថយន្តដោយភ័យខ្លាំងពេក បានបើករថយន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចព្យាយាមបើករត់រហូតដល់ផ្លូវលេខ១៣៩ ទើបសមត្ថកិច្ចឃាត់បានទាំងរថយន្ត និងជនបង្កយកទៅសាកសួរ ។
ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយពេលកើតហេតុ ទាំងរថយន្ត និងជនបង្កត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ និងចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ្រ័យ