ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីរាជរដ្ឋាភិបាល តាមរយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ សរុបចំនួន ២១៤ក្បាលដី ក្រោយពីមន្រ្ដីជំនាញបានចុះធ្វើការវាស់វែង និង ប្រមូលព័ត៌មានរួចមក ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាងដ៏ខ្ពង់ខ្ពស ឯឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯឧត្តម ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងជានាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី តំណាង ឯឧត្តម សារិន វណ្ណា ប្រធានមន្ទីរ ដ.ន.ស.ស រាជធានីភ្នំពេញ ។

ក្រោយពីក្រុមការងារបច្ចេកទេសបានធ្វើការពន្យល់ ណែនាំបងប្អូនប្រជាពលរដ្ឋអំពីនីតិវិធីក្នុងការពិនិត្យ ការដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យរួចមក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋបន្ថែម អំពីការខិតខំប្រឹងប្រែងរបស់ ឯឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរជំនាញ ខណ្ឌ សង្កាត់ ក្នុងការជម្រុញការងារចុះបញ្ជីដីធ្លីខាងលើ ។

ស្របពេលជាមួយគ្នានេះដែរ លោក អភិបាល ក៏បានរៀបរាប់អំពីសារបាន ក៏ដូចជាសច្ចធម៌ប្រវត្តិសាស្រ្ដ នៃការវិវត្តរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលជាការបូជាសាច់ស្រស់ឈាមស្រស់ របស់បិតាបង្រួបបង្រួមសន្ដិភាព ផ្សះផ្សារជាតិ គឺ សម្ដេចព្រះបរមរតនកោដិ ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និង សម្ដេចអគ្គមហាទាំង៣ ជាពិសេសអ្នកដែលបានលះបង់ដ៏ធំធេងក្នុងការរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេស រហូតដល់មានអ្វីៗគ្រប់យ៉ាងនាពេលបច្ចុប្បន្ននេះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ម្យ៉ាងវិញទៀត លោក អភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំជឿលើការញុះញង់ភូតកុហក់ បោកប្រាស់ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ក្រុមបរទេសនិយម ដែលតែងតែមានមហិច្ឆិតាបំបែកបំបាក់ ទាញប្រទេសជាតិពីសុខសន្ដិភាព និងការអភិវឌ្ឍ ទៅរកភ្លើងសង្រ្គាម ដូចប្រទេសមួយចំនួននៅលោកខាងលិចសព្វថ្ងៃ ៕ស តារា


ចែករំលែក៖