ភ្នំពេញ៖ រថយន្តឡិចស៊ីស RX300 មួយគ្រឿង បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតមួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខទៅលែងរួច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
តាមសម្តីប្រជាពលរដ្ឋបានបង្ហើបថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM 3775 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលមួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខទៅមុខលែងរួច ។
បើកតាមការបញ្ញាក់ពីម្ចាស់រថយន្តបានឲ្យដឹងថា ដោយសារតែទីតាំងខាងលើមានស្ថានភាពងងឹតនិងគ្មានចំណាំងផ្លាតទើបគាត់មើលមិនឃើញនិងជ្រុលបុកតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ