ភ្នំពេញ៖ បុរសម្នាក់រួមទាំងនារីម្នាក់ទៀត បើករថយន្តចេញពីកម្មវិធីមិត្តភក្តិ បំណងទៅផ្ទះ តែដោយសារតែស្រវឹងផង ទើបឈប់រថយន្តដេកមួយភាំងនៅចំណុចក្រោមស្ពានអាកាស៧មករា មុខប៉ុស្តិ៍នគរបាលទឹកល្អកទី១ ខណ្ឌទួលគោក ត្រូវជនសង្ស័យគាស់ទ្វារលួចលុយ និងទូរស័ព្ទសរុបជាង២ពាន់ដុល្លារ ។ ក្រោយកើតហេតុ ក្រុមអ្នកសាព័ត៌មានចុះទៅសាកសួរបែរជាលោកនាយប៉ុស្តិ៍ដេញមិនឲ្យថតទៅវិញ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើករថយន្តម៉ាកព្រូសពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AN 6745 បើកមកឈប់ដេកនៅខាងក្រោមស្ពានអាកាស៧មករា ជិតនឹងប៉ុស្តិ៍នគរបាលទឹកល្អកទី១ ក្រោយមក ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចលុយ និងទូរស័ព្ទហើយគេចខ្លួនបាត់អស់ ។
ភ្លាមនោះ ក្រុមអ្នកសាភព័ត៌មានជាច្រើនស្ថាប័នបានចុះទៅដល់ចំណុចកើតហេតុ ដើម្បីសាកសួរតែលោកនាយប៉ុស្តិ៍បានហៅជនរងគ្រោះចូលប៉ុស្តិ៍ដោយដេញក្រុមព័ត៌មានមិនឲ្យថតរូបភាពនោះទេ ។ រឺក៏ខ្លាចបែកធ្លាយថា មូលដ្ឋានខ្លួនអសន្តិសុខ ខណៈគ្មានកម្លាំងល្បាតទប់ស្កាត់ដោយសូម្បីតែមុខប៉ុស្តិ៍នគរបាល ក៏ចោរលួចបានដែរ មិនខ្លាចនគរបាលសោះ ។
បើតាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីកម្មវិធីមិត្តភក្តិបំណងទៅផ្ទះនៅគោករការ ខណ្ឌព្រែកព្នៅ តែដោយសារតែផឹកបន្តិចបន្តួចក៏រាងងុយដេក ខណៈមកដល់ចំណុចកើតហេតុគិតថា មិនអីទេព្រោះក្បែរប៉ុស្តិ៍នគរបាល ទើបដេកមួយភាំងមិននឹកស្មានថា ចោរហ៊ានគាស់ទ្វារលួចយកលុយចំនួនជាង១៤០០ដុល្លារ និងលុយខ្មែរចំនួន៨០ម៉ឺនរៀល រួមទាំងទូរស័ព្ទដៃស៊េរីទំនើបចំនួន២គ្រឿងទៀតគេចខ្លួនបាត់ដោយសុវត្ថិភាព ៕ សុខាសែនជ័យ