ភ្នំពេញ៖ រថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់មួយគ្រឿង បើកចេញពីក្រុមហ៊ុនបញ្ច្រាសទិសដៅចរាចរណ៍ត្រូវរថយន្ត ឡិចស៊ីសRX-350 ចាប់ហ្វ្រាំងមិនទាន់បុកចំហៀងរថយន្តដឹកប្រេងខាងឆ្វេងពេញ ទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសទេ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងលិចស្តុបផ្សារសេនជូរី ប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវមាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4895 បើកចេញពីក្រុមហ៊ុនតូតាល់នៅចំណុចទីតាំងកើតហេតុទិសដៅពីត្បូងទៅជើងឆ្លងមកផ្លូវមាហាវិថីសហពន្ធ័រុស្សីបត់ឆ្វេងដៃបំណងឆ្ពោះទៅទិសខាងលិចដោយបញ្ច្រាសទិសដៅចរាចរណ៍លុះមកដល់កន្លែង កើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX-350ពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-9866ធ្វើដំណើរតាមបណ្តោយមហាវិថីសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំរថយន្តដឹកប្រេង ផ្នែកខាងមុខចំហៀងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំចំណែករថយន្តដឹកប្រេងខូចខាតតិចតួចសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តដឹកប្រេងចេញថ្លៃជួសជុលរថយន្តឡិចស៊ីសឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ