ភ្នំពេញ៖ បុរសម្នាក់ ជាអ្នករត់ឡំប្រឺតាបានរងរបួសប៉ោងភ្នែក ខណៈដែលបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងក្នុងស្ថានភាពស្រវឹងជោកជាំតាមផ្លូវ គាប់ជួនអ្នករត់ឡំប្រឺតាចុចស៊ីប្លេហៅភ្ញៀវតាមផ្លូវធ្វើឲ្យបុរសដែលស្រវឹងនោះខឹងជិះម៉ូតូកាកពីមុនរួចវាយកញ្ចក់ឡំប្រឺតាបណ្ដាលឲ្យបែក រួចវាយអ្នកបើកបរមួយដៃយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។
ករណីហិង្សាបង្កឡើងដោយសារគ្រឿងស្រវឹងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ក្បែរហាងស៊ុប (មានមាន) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុរសរងគ្រោះដែលជាអ្នករត់ឡំប្រឺតា បានឲ្យដឹងថា មុនពេលកើតហេតុគាត់បើកឡំប្រឺតា ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវខាងលើ មកដល់មុខសាលាចិន បានចុចស៊ីប្លេ ហៅម៉ូយដែលឈរនៅចិញ្ចើមផ្លូវ ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិល(ជនដៃដល់) ដែលអះអាងថា ខ្លួនជាមន្រ្តីនគរបាលមួយរូប ដោយមានស្ថានភាពស្រវឹងស្រាជោកជាំ បានជិះម៉ូតូមួយគ្រឿងម៉ាក Yamaha M slaz ពាក់ស្លាកលេខ ភ្នំពេញ 1HO-9210 បានជិះម៉ូតូមកកាកពីមុខឡំប្រឺតាគាត់ រួចប្រើប្រាស់អំពើហិង្សា ដោយទៅលើគាត់មួយដៃចំ មុខក្រោមភ្នែកខាងឆ្វេង បណ្ដាលឲ្យប៉ោងហើមខៀវ ភ្លាមនោះគាត់ក៏រត់ឲ្យគេជួយបង្កការភ្ញាក់ផ្អើលផងដែរ ។
ដោយឡែកបុរសដែលជាជនដៃដល់នោះ បានដេញវាយថែមទៀតតែរត់មិនទាន់ ក៏ជ្រុលទៅវាយកញ្ចក់ឡំប្រឺតាគាត់ បណ្ដាលឲ្យបែកកញ្ចក់ខាងមុខទៀតផង រួចហើយបានស្រែកថា «ឯងស៊ីប្លេឌឺអញមែន» ។
ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលកំពុងតែល្បាតនៅក្បែរនោះ ក៏ជួយធ្វើអន្តរាគមន៍ចាប់ខ្លួនជនបង្កយកមកសាកសួរនៅប៉ុស្តិ៍ និងឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធី ៕ស រស្មី