ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តមុខផ្ទះចូលដេក ព្រឹកឡើងបាត់រថយន្ត

ចែករំលែក៖

ភ្នំពេញ​ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្ដ​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង​ ខណៈ​ម្ចាស់​ចត​ទុក​មុខ​ផ្ទះ​ត្រឹមត្រូវ​ ហើយ​ចូល​ដេក ស្រាប់​ព្រឹក​ព្រលឹម​ឡើង​បាត់​ឡាន​ពីមុខ​ផ្ទះ ទើប​ដឹង​ថា ​ចោរលួច​រត់ប្តឹងនគរបាលកាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ព្រឹក​ថ្ងៃទី​១៦ ​ខែកញ្ញា ​ឆ្នាំ​២០១៩ ​នៅមុខ​ផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជ័យ ។

ម្ចាស់​រថយន្ត​ដែល​បាត់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សម សុវណ្ណារិទ្ធ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ រថយន្ត​ដែល​បាត់​ម៉ាក ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ ប្រភេទ​កូរ៉េ​ចំណុះ ១​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 2 AL-9715​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​ទុក​នៅមុខ​ផ្ទះ​ដូច​សព្វដង​ហើយ​បាន​ចូល​ដេក​ ។ លុះដល់​ព្រឹក​ឡើង​ ខណៈ​ក្រោក​ពី​ដេក ស្រាប់តែ​បាត់​រថយន្ត​តែម្ដង ​ក៏​ធ្វើ​ឲ្យ​ផ្អើលឆោឡោ​រត់​ទៅប្ដឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​ តែ​មិន​ដឹង​ទៅ​តាម​រក​នៅ​ណា​ទេ បាន​ត្រឹម​ដាក់ពាក្យ​បណ្ដឹង​ទុក​ប៉ុណ្ណោះ ៕ សុខាសែនជ័យ​


ចែករំលែក៖