មេដឹកនាំរុស្ស៊ីលោកពូទីន កំពុងតែ ក្តោបឱកាសនៃភាពតានតឹងរវាងអ៊ីរ៉ង់ នឹង ប្រទេស សាឌីអារ៉ាប៊ី ក៏ដូចជាប្រទេសផលិតប្រេង ផ្សេងទៀត នៅក្នុងតំបន់ ដើម្បីលក់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់ខ្លួន។ រហូតមកទល់ពេលនេះ រុស្ស៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញ ការវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបសសាឌីអារ៉ាប៊ី នោះឡើយ តែមេដឹកនាំរុស្ស៊ីបានស្នើដល់ប្រទេស នេះទិញប្រព័ន្ធការពារពីរុស្ស៊ី ទើបអាចការពារ ទីតាំងប្រេងបានយ៉ាងល្អបំផុត។
ពេលថ្មីៗនេះប្រធាធិបតីរុស្ស៊ីបានបញ្ជាក់ថាមានតែមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី ទើបការពាររោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត បាន។ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានស្នើដល់ប្រទេសអារ៉ាប៊ីសាអូឌីត ឲ្យទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឬ S-300 របស់រុស្ស៊ី ទើបមានសមត្ថភាពការពារទីតាំងប្រេងសំខាន់ៗរបស់ប្រទេសនេះបាន។ សំណើខាងលើរបស់រុស្ស៊ី បានកើតឡើង ក្រោយពេលទីតាំងចម្រាញ់ប្រេងដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌិត បានរងការបាញ់ប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) កាលពីប៉ុន្មានថ្ងៃមុនេះ។
សារព័ត៌មាន អារ៉ាប៊ី សាអូឌីត បានដកស្រង់សម្តីរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយបានបញ្ជាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ថា ដើម្បីការពារប្រជាពលរដ្ឋ នៃប្រទេសអ៊ីស្លាម និងផលប្រយោជន៍របស់ប្រទេសនេះពិសេស គឺទីតាំងប្រេង យើងនឹងផ្គត់ផ្គង់អាវុធ ដើម្បីការពារឲ្យបានយ៉ាងល្អបំផុត បើប្រទេសនេះចង់បាន។
លោក ពូទីន បានបន្តទៀតថា រដ្ឋាភិបាលអារ៉ាប់ ចាំបាច់ត្រូវតែមានការសម្រេចឲ្យបានត្រឹមត្រូវ ក្នុងការទិញប្រព័ន្ធការពារដែនអាកាស។ ដោយឡែកការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសពីរុស្ស៊ី គឺជាជម្រើសដ៏ល្អសម្រាប់កិច្ចការពារ ដូចអ្វីដែលប្រទេសតួកគី បានធ្វើ គឺទិញមីស៊ីល S-400 ពីរុស្ស៊ី ។ ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ទៀតថា «យើងនឹងការពារ ដោយមានទំនុកចិត្តបំផុត ទប់ស្កាត់រាល់ការវាយប្រហារណាមួយទៅលើប្រទេសអារ៉ាប៊ី សាអូឌីត»។
សំណើលក់អាវុធខាងលើនេះ បានកើតឡើង ចំពេលទីតាំងចម្រាញ់ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត រងការវាប្រហារ ពីយន្ដហោះគ្មានអ្នកបើកបរ (ដ្រូន) កាលពីប៉ុន្មានថ្ងៃមុននេះ។ សំណើរបស់រុស្ស៊ី បានធ្វើឡើង មុនពេលអាមេរិកមានគោលបំណងលក់ប្រព័ន្ធ មីស៊ីលការពារដែនអាកាសដល់ប្រទេសអ្នកមាន នៅក្នុងតំបន់មួយនេះ។ សកម្មភាពរបស់រុស្ស៊ី នឹងធ្វើឲ្យអាមេរិក កាន់តែខឹងសម្បាយ៉ាងខ្លាំង ដោយសាររុស្ស៊ីកំពុងតែអូសទាញ អតិថជនរបស់ខ្លួន។
ពាក់ព័ន្ធនឹងករណីវាយប្ហរារទៅលើទីតាំងចម្រាញ់ប្រេង អារ៉ាប៊ីសាអូឌីត នឹងអញ្ជើញអ្នកឯកទេសរបស់ UN ស្រាវជ្រាវករណីវាយប្រហារលើទីតាំងប្រេងរបស់ខ្លួន។បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ការវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងប្រទេសអារ៉ាប៊ីសាឌីត បានធ្វើឲ្យផលិតផលប្រេងរបស់ប្រទេសនេះ ធ្លាក់ចុះជាងពាក់កណ្តាល និងប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារពិភពលោក។ បច្ចុប្បន្នតម្លៃប្រេង បានកើនឡើង រហូតដល់ទៅជិត២០ភាគរយ។
ក្រសួងការបរទេសអារ៉ាប៊ី សាអូឌីត បានបញ្ជាក់ថា ខ្លួននឹងអញ្ជើញអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេត លើករណីវាយប្រហារខាងលើនេះ។ ការវាយប្រហារនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត នៅលើពិភពលោក។ រីឯលទ្ធផល នៃការស្រាវជ្រាវជាបឋម បានបង្ហាញឲ្យឃើញថា អាវុធដែលបានប្រើប្រាស់ សម្រាប់វាយប្រហារទាំងពីរលើកនោះ គឺផលិតនៅក្នុងប្រទេសអ៊ីរ៉ង់។
ជាមួយគ្នានេះដែរ ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារនូវដែនអធិបតេយ្យភាព និង ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យគេចផុតពីការវាយប្រហាររបស់សត្រូវ ។ អារ៉ាប៊ីសាអូឌីត នឹងតបតវិញ យ៉ាងខ្លាំង រាល់ការប៉ុនប៉ងវាយប្រហារណាមួយរបស់សត្រូវ។
ស្ថានភាពនេះ ធ្វើឲ្យអ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត កាន់តែតានតឹងខ្លាំងឡើង ហើយអាចនឹងផ្ទុះសង្គ្រាមគ្រប់ពេល។ នៅពេលខាងមុខ ប្រសិនបើអ្នកឯកទេសរបស់អង្គការសហប្រជាជាតិ រកឃើញថា អ៊ីរ៉ង់ជាអ្នកវាយប្រហារមែននោះ សង្គ្រាមប្រឆាំងអ៊ីរ៉ង់ អាចនឹងកើតមានឡើង ជាក់ជាមិនខាន។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ហេតុអ្វីបានជារាល់សកម្មភាព កើតឡើង នៅតំបន់អារ៉ាប់ គឺអាមេរិកបានទម្លាក់កំហុសទៅឲ្យអ៊ីរ៉ង់ ទាំងស្រុង ។ចំពោះការបាញ់ប្រហារទៅលើទីតាំងចម្រាញ់ប្រេងពីយន្តហោះគ្មានមនុស្សបើក អាមេរិក ក៏បានទម្លាក់កំហុសទៅឲ្យអ៊ីរ៉ង់បើទោះបីមិនទាន់មានភស្តុតាងបញ្ជាក់ឲ្យបានច្បាស់ក្តី។
អ្នកជំនាញខ្លះទៀតបានយល់ផ្សេងពីខាងលើការអះអាងខាងលើនេះ ដោយពួកគេបានសន្និដ្ឋានថា អាមេរិកប្រឹងចេញមុខចោទប្រកាន់លើអ៊ីរ៉ង់ ព្រោះចង់ប្រមូលកម្លាំងអន្តរជាតិដាក់សម្ពាធ និងដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំតេហេរ៉ង់ ឬក៏អាចថា វាជាលេសបន្ថែមទៀតក្នុងការធ្វើការវាយប្រហារណាមួយ ដោយយោធាទៅលើអ៊ីរ៉ង់ផងក៏ថាបាន។
គួរជម្រាបថា អារ៉ាប៊ីសាអូឌីតធ្លាប់បានអះអាងថា ប្រព័ន្ធការពារដែនអាកាសអាមេរិក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចេញពីប្រទេសយ៉េមែន។ ប៉ុន្តែ កាលពីឆ្នាំ២០១៨ និងក្នុងឆ្នាំ២០១៩នេះ ទីក្រុងរីយ៉ាដខ្លួនឯងផ្ទាល់ក៏បានអះអាងផងដែរថា ក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយ៉េមែន បានដឹកនាំការវាយប្រហារជាបន្តបន្ទាប់ មកលើហេដ្ឋរចនាសម្ព័ន្ធជាច្រើននៅលើទឹកដីរបស់ខ្លួន ជាពិសេសគឺទៅលើរាជធានីរីយ៉ាដ ដែលជាបេះដូងនៃរាជាណាចក្រប្រេងនេះតែម្តង៕