ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចនិងអាជ្ញាធរស្រុកសំឡូតកំពុងតាមស្វែងរកប្រជាពលរដ្ឋ២នាក់ ក្នុងចំណោម៧នាក់ ដែលឡើងលើភ្នំ ជាប់ព្រំដែនកម្ពុជា-ថៃ ដើររកបាញ់សត្វ បាត់ខ្លួននៅពេលភ្លៀងខ្លាំងបាក់ដី

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនិងអាជ្ញាធរស្រុកសំឡូត ខេត្តបាត់ដំបងរហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បាននិងបន្តកំពុងតាមស្វែងរកប្រជាពលរដ្ឋ២នាក់មិនដឹងស្លាប់ រឺរស់ក្នុងចំណោម៧នាក់ដែលឡើងលើភ្នំ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីដើររកបាញ់សត្វ ហើយបាត់ខ្លួននៅពេលភ្លៀងខ្លាំងបាក់ដីភ្នំខណៈដែលស្រុកសំឡូតបានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង។

បើតាមប្រភព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកសំឡូតប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ៧នាក់បានឡើងលើភ្នំពាមតា ជាប់ព្រំដែនកម្ពុជា-ថៃស្ថិតក្នុងភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ដើម្បីបរបាញ់សត្វខណៈដែលមេឃភ្លៀងខ្លាំងបណ្តាលឲ្យបាក់ដីភ្នំបង្កឲ្យប្រជាពលរដ្ឋក្នុងចំណោម៧នាក់ដោយបានបាត់ខ្លួន២នាក់ រងរបួស១នាក់និង៤នាក់ទៀតចៀសផុតពីគ្រោះថ្នាក់។ប្រជាពលរដ្ឋ៥នាក់ដែលមានសុវត្ថិភាពមកដល់ភូមិវិញនោះហើយ ដោយអ្នកដែលរងរបួសម្នាក់បាក់ដៃនិងបែកក្បាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានដដែលឲ្យដឹងទៀតថាប្រជាពលរដ្ឋបាត់ខ្លួន២នាក់មានឈ្មោះ ១, ផាន់ វី ភេទប្រុស អាយុ២០ឆ្នាំ ២,ឆាង កុយ ភេទប្រុស អាយុ២៥ឆ្នាំ ចំណែកអ្នករងរបួសមានឈ្មោះ ទ្រី សល់ ភេទប្រុស អាយុ២៥ឆ្នាំ។ ដោយឡែកអ្នកគេចផុតពីគ្រោះថ្នាក់មានឈ្មោះ ដុំ សុភាព ភេទប្រុស អាយុ៦៤ឆ្នាំ, ឈ្មោះតៅ វ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ,តៅ រី ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះចែម ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ពួកគេរស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ស្រុកសំឡូត ខេត្តបាត់ដំបង បានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង កាលពីថ្ងៃទី១៥និង១៦ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងរយៈពេល១យប់ទល់ភ្លឺបណ្តាលឲ្យទឹកស្ទឹងគ្រញូងនិងបណ្តាស្ទឹងមូយចំនួនទៀតទឹកហក់ឡើង។ផ្ទះប្រជាពលរដ្ឋរាប់រយខ្នង ស្ពាន ផ្លូវថ្នល់ មួយចំនួនបានរងការខូចខាត យ៉ាងធ្ងន់ធ្ង។យ៉ាងហោចណាស់មានឃុំចំនួន៧បានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងក្នុងនោះមាន៤ឃុំរងគ្រោះធ្ងន់ធ្ងរ ចំណែក៣ឃុំរងផលប៉ះពាល់ ផលដំណាំនិងសត្វពាហនៈ រួមនិងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋមួយចំនួនធំបានបាត់បង់ខូចខាត។ប្រជាពលរដ្ឋមួយចំនួនទៀតត្រូវបានជម្លៀសមករកទីទួលសុវត្ថិភាព។

សេចក្តីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ទឹកបានស្រកទៅវិញនោះហើយ ប៉ុន្តែប្រជាពលរដ្ឋប្រមាណ៣៨គ្រួសារនៅឃុំតាសាញនៅលើទីទួលសុវត្ថិភាពមិនទាន់ត្រឡប់ទៅផ្ទះវិញនោះទេ។គេឃើញអាជ្ញាធរខេត្តបាត់ដំបង ក៏បានចុះទៅត្រួតពិនិត្យស្ថានភាពផលខូចខាតពីទឹកជំនន់ទឹកភ្លៀងនៅស្រុកសំឡូត និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកអំណោយសង្រ្គោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងគ្រោះ១៥០គ្រួសារ ដើម្បីដោះស្រាយទុក្ខការលំបាករបស់បងប្អូន៕សំ វិច្ឆិកា


ចែករំលែក៖