ភ្នំពេញ ៖ ដើម្បីក្លាយជាសង្គមមួយស្អាតស្អំ សាធារណជនគ្រប់រូប ត្រូវមានឆន្ទះសហការចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចដើម្បីអនុវត្ត ពោលគឺគ្មានទេ៩ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញលិខិតមួយច្បាប់ណែនាំដល់បណ្តាអ្នកសារព័ត៌មានរួមមាន ៖ ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ , ចាងហ្វាងកាសែត ,ទស្សនាវដ្ដី និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ ឲ្យផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ចាប់ពីពេលនេះ និងពេលខាងមុខ ។
លិខិតរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀន ដែលកំពុងជិះឥទ្ធិពលអាក្រក់ដល់សង្គមខ្មែរយើង សូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាស់តឿនក្រើនរំលឹក និងបញ្ហាការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ឱ្យជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងធ្វើដំណើរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលមានប្រជាពលរដ្ឋធ្វើដំណើរច្រើនកុះករ តាមដងផ្លូវ ចៀសវាងការបង្ករគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងបាត់បង់អាយុជីវិតរបស់ប្រជាព៌លរដ្ឋរយើង ។
ក្នុងលិខិតលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយយោងលិខិតលេខ២៥៦ស.អ.ជ.ប.គ.ញ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតម្រូវការចាំបាច់ ។
គួរជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បានចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងធ្វើដំណើរទៅវត្ត និងទៅស្រុកកំណើត ដើម្បីជួបជុំបងប្អូន និងក្រុមគ្រួសារនៅតាមរាជធានី និងខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ៕ សហការី