ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ប្រមាណ១០០នាក់នាំគ្នាមកការពារតំណាងសហគមន៍០៣នាក់ ដែល​សាលាដំបូង ខេត្តស្វាយរៀង បាន​កោះហៅ​មក​សាកសួរ​ចោទប្រកាន់ពីបទរំលោភចូលកាន់កាប់ដីឯកជន របស់​រដ្ឋ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​ចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រមាណ១០០នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៤៤០​គ្រួសារ នៅ​ឃុំ​អំពិល ស្រុក​រមាស​ហែក បាន​នាំ​គ្នា​មក​ការពារ​តំណាង​សហគមន៍​០៣​នាក់ ដែល​សាលាដំបូង ខេត្តស្វាយរៀង បាន​កោះហៅ​មក​សាកសួរ​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​ចូល​កាន់កាប់​ដី​ឯកជន របស់​រដ្ឋ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​ចេតនា ក្នុង​រឿង​ទំនាស់​ដីធ្លី​រយៈពេល ០៦​ឆ្នាំ​មក​ហើយ​ពុំ​ទាន់​មាន​ដំណោះស្រាយ។

ប្រជាពលរដ្ឋ​លើកគ្នា​មក​ខាង​មុខ​សាលាដំបូង​ខេត្តស្វាយរៀង​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ២០១៩​ស្ថិតក្នុងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

បើ​តាម​លោកស្រី ខៀវ សា​រ៉ុ​ន អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពពេល ឃុំ​អំពិល ស្រុក​រមាស​ហែក ដែល​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​សាមគ្គី​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ កញ្ញា​នេះ លោក​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​កោះហៅ តំណាង​សហគមន៍ ចំនួន​០៣​នាក់​មក​សាកសួរ​។ ទី​១,​ឈ្មោះ ធឿ​ង វ៉េ​ង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទី​២,​ឈ្មោះ ម៉​ម ស៊ី​ណា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំង​ពី​រស់នៅ​ភូមិ​ស្រែ ឬ​ស្សី​ឃុំ​អំពិល ស្រុក​រមាស​ហែក ទី​៣,​គឺ​រូប​លោកស្រី (​ខៀវ សា​រ៉​ន​)​។

លោកស្រី​បន្ត​ទៀត​ថា ទំនាស់​ដីធ្លី​នេះ​ប៉ះពាល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​សាមគ្គី​រមាស​ហែក​ចំនួន​៤៤០​គ្រួសារ ដែល​មាន​ផ្ទៃដី​សរុប​៦៧០​ហិ​កតា​។ លោកស្រី​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន​៤៤០​គ្រួសារ បាន​រុករាន​ដី​ព្រៃ​ប្រកប​មុខរបរ​កសិកម្ម ចិញ្ចឹមជីវិត លើ​ដី​ទំនាស់​ចំនួន​៦៧០​ហិ​កតា​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៧៩ ខ្លះ​ចាប់ពី​ឆ្នាំ​១៩៨៥ មកម្ល៉េះ ហើយ​នៅ​ឆ្នាំ​១៩៨៧ មន្ទីរ​កសិកម្ម​ខេត្ត​បាន​មក​សុំ​ដី​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាំ​ដើម​ប្រេងខ្យល់ ជា​សម្បត្តិ​របស់​រដ្ឋ​រហូត​ដល់​ឆ្នាំ​១៩៩៨ រដ្ឋ​បាន​កាប់​ដើម​ប្រេងខ្យល់​អស់​ប្រជាពលរដ្ឋ​ក៏​បាន​ចូល កាន់កាប់ និង​អាស្រ័យ​ផល់​ដាំ​ដើមឈើ​ហូប​ផ្លែ​មាន​ស្វាយចន្ទី មាន​ខ្នុរ និង​ដើម​ស្វាយ ខ្លះ​ដាំដំឡូង​មី ពុំ​មាន​ទំនាស់​ទេ​។

រហូត​ដល់​ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​ដែល​មាន​លោក ជៀង អំ អភិបាលខេត្ត និង​លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​កោះហៅ​ប្រជាពលរដ្ឋ​ឲ្យ​មក​ជួបជុំ​គ្នា នៅ​សាល​ប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រមាស​ហែក ដោយ​ប្រកាស​ថា ដីចម្កា​រទាំង​អស់នេះ អាជ្ញាធរ​បាន​ធ្វើ​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន​អិន​ខេ​វែ​ន​ឈ័​រ​ឥណ្ឌា ដាំ​អំពៅស្ករ ដោយ​ឲ្យ​ប្រជាពលរដ្ឋ ចំនួន​៤​ភូមិ សម្បទាន​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​ហើយ​ឈប់​ដាំដំឡូង​មី​មក​ដាំ​អំពៅស្ករ​វិញ​។ ដោយ​ក្រុមហ៊ុន​ជា​អ្នក​ផ្តល់​ពូជអំពៅ​ស្ករ​ឲ្យ​ដាំ ពេល​ប្រជាពលរដ្ឋ​ដាំ​បាន​ក្រុមហ៊ុន​ប្រមូល​ទិញ​វិញ​។

ទើប​ប្រជាពលរដ្ឋ​យល់ព្រម​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​ដាំ​អំពៅ​ហើយ​ក្រុមហ៊ុន​បាន​ហៅ​តំណាង​ប្រជាពលរដ្ឋ​ទៅ​រៀន​បច្ចេកទេស​ដាំ​អំពៅ និង​ធ្វើ​ជា​កម្មករ​ដាំ​អំពៅ​។ ការ​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​អិន​ខេ​វែ​ន​ឈ័​រ បាន​២​ឆ្នាំ ក៏​បរាជ័យ​ខ្ស័​យ​ធន ឈប់​ដំណើ​ការ​ធ្វើ​ឲ្យ​ព្រៃ និង​ស្មៅ​ដុះ​ជិត​វិញ​។ នៅ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​គ្មាន​មុខរបរ​គ្មាន​ដី​ធ្វើស្រែ​ចម្ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ក៏​នាំ​គ្នា​ទៅ​រុករាន​ដី​យក​ធ្វើស្រែ​ចម្ការ​តាម​ដី​ដែល​ខ្លួន​ធ្លាប់​គ្រប់គ្រង​ពី​មុន​មក​ស្រាប់តែ​នៅ​ឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​ផ្សេង​មក​រារាំង និង​ដាក់​ពាក្យបណ្តឹង​ប្តឹង​មក​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​ដោយ​ចោទប្រកាន់​តំណាង​សហគមន៍​ប្រជាពលរដ្ឋ​ចំនួន​២៦​នាក់​ស្រី​០៩​នាក់។

ពី​បទ​រំលោភ​កាន់កាប់​ដី​ឯកជន​របស់​រដ្ឋ​ដោយ​ចេតនា និង​បាន​កោះហៅ​ប្រជាពលរដ្ឋ​មក​សាកសួរ​នៅ​តុលាការ​រាល់​ខែ​ក្នុង​១​ខែ​ម្តង​ចាប់តាំងពី​ឆ្នាំ​២០១៧ រហូត​ដល់​ឆ្នាំ​២០១៩​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤៤០​គ្រួសារ​យ៉ាង​ខ្លាំង ដោយ​គ្មាន​ដី​ប្រកប​មុខរបរ​កសិកម្ម គ្មាន​ការងារ​ធ្វើ កូន​ៗ​មិន​បាន​ចូល​សាលារៀន​សូត្រ​។ ចំណែក​ក្រុមហ៊ុន​ថ្មី​នេះ​មិនដឹង​ថា​ឈ្មោះ​ក្រុមហ៊ុន​អី​ទេ ប្រជាពលរដ្ឋ​បាន​សាកសួរ​ដែរ​ក៏​ប៉ុន្តែ​អាជ្ញាធរ បិទ​បាំង​មិន​ប្រាប់​ឈ្មោះ​សូ​ម្បី​ដើមបណ្តឹង​ឈ្មោះ​អី​ក៏​ប្រជាពលរដ្ឋ​មិន​បាន​ស្គាល់​ដែរ​រហូត​ដល់​ឆ្នាំ​២០១៩​នេះ​។

ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​មាន​៤​ភូមិ​គឺ ភូមិ​ត្បែង ភូមិ​ស្រែ​ឫស្សី ភូមិ​ត្រពាំង​ពពេល និង​ភូមិ​រមាស​ហែក ឃុំ​អំ​ពឹ​ល​ស្រុក​រមាស​ហែក​។

ប្រជាពលរដ្ឋ​ទាំង​៤៤០​គ្រួសារ ក្នុង​ឃុំ​អំពិល​បាន​អំពាវនាវ សូម​ឲ្យ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន ជា​ប្រមុខ មេត្តា​ជួយ​អន្តរាគមន៍​សូម​ឲ្យ​តុលាការ​លើកលែង​ការ​ចោទប្រកាន់​តំណាង​ប្រជាពលរដ្ឋ ទាំង​២៦​នាក់​ឲ្យ​មាន​សេរីភាព​វិញ និង​មេត្តា​ចុះ​មក​ពិនិត្យ​ដោះស្រាយ​បែងចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ បាន​គ្រប់គ្រង និង​អាស្រ័យ​ផល​ស្របច្បាប់​ដោយ​អនុគ្រោះ​ ៕ យឹម សុថាន


ចែករំលែក៖