ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រមាណ១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ៤៤០គ្រួសារ នៅឃុំអំពិល ស្រុករមាសហែក បាននាំគ្នាមកការពារតំណាងសហគមន៍០៣នាក់ ដែលសាលាដំបូង ខេត្តស្វាយរៀង បានកោះហៅមកសាកសួរដោយចោទប្រកាន់ពីបទរំលោភចូលកាន់កាប់ដីឯកជន របស់រដ្ឋ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋដោយចេតនា ក្នុងរឿងទំនាស់ដីធ្លីរយៈពេល ០៦ឆ្នាំមកហើយពុំទាន់មានដំណោះស្រាយ។
ប្រជាពលរដ្ឋលើកគ្នាមកខាងមុខសាលាដំបូងខេត្តស្វាយរៀងនេះកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ២០១៩ស្ថិតក្នុងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
បើតាមលោកស្រី ខៀវ សារ៉ុន អាយុ៣៩ឆ្នាំ នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ដែលជាតំណាងឲ្យប្រជាពលរដ្ឋសហគមន៍សាមគ្គីរមាសហែកបានឲ្យដឹងថា នៅថ្ងៃទី១៧ កញ្ញានេះ លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងបានកោះហៅ តំណាងសហគមន៍ ចំនួន០៣នាក់មកសាកសួរ។ ទី១,ឈ្មោះ ធឿង វ៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ទី២,ឈ្មោះ ម៉ម ស៊ីណា ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរស់នៅភូមិស្រែ ឬស្សីឃុំអំពិល ស្រុករមាសហែក ទី៣,គឺរូបលោកស្រី (ខៀវ សារ៉ន)។
លោកស្រីបន្តទៀតថា ទំនាស់ដីធ្លីនេះប៉ះពាល់ប្រជាពលរដ្ឋ ក្នុងសហគមន៍សាមគ្គីរមាសហែកចំនួន៤៤០គ្រួសារ ដែលមានផ្ទៃដីសរុប៦៧០ហិកតា។ លោកស្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤៤០គ្រួសារ បានរុករានដីព្រៃប្រកបមុខរបរកសិកម្ម ចិញ្ចឹមជីវិត លើដីទំនាស់ចំនួន៦៧០ហិកតានេះចាប់តាំងពីឆ្នាំ១៩៧៩ ខ្លះចាប់ពីឆ្នាំ១៩៨៥ មកម្ល៉េះ ហើយនៅឆ្នាំ១៩៨៧ មន្ទីរកសិកម្មខេត្តបានមកសុំដីរបស់ប្រជាពលរដ្ឋមួយចំនួនដាំដើមប្រេងខ្យល់ ជាសម្បត្តិរបស់រដ្ឋរហូតដល់ឆ្នាំ១៩៩៨ រដ្ឋបានកាប់ដើមប្រេងខ្យល់អស់ប្រជាពលរដ្ឋក៏បានចូល កាន់កាប់ និងអាស្រ័យផល់ដាំដើមឈើហូបផ្លែមានស្វាយចន្ទី មានខ្នុរ និងដើមស្វាយ ខ្លះដាំដំឡូងមី ពុំមានទំនាស់ទេ។
រហូតដល់ឆ្នាំ២០១៤ អាជ្ញាធរខេត្តដែលមានលោក ជៀង អំ អភិបាលខេត្ត និងលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្ត បានកោះហៅប្រជាពលរដ្ឋឲ្យមកជួបជុំគ្នា នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ដោយប្រកាសថា ដីចម្ការទាំងអស់នេះ អាជ្ញាធរបានធ្វើវិនិយោគឲ្យទៅក្រុមហ៊ុនអិនខេវែនឈ័រឥណ្ឌា ដាំអំពៅស្ករ ដោយឲ្យប្រជាពលរដ្ឋ ចំនួន៤ភូមិ សម្បទានដីឲ្យទៅក្រុមហ៊ុនហើយឈប់ដាំដំឡូងមីមកដាំអំពៅស្ករវិញ។ ដោយក្រុមហ៊ុនជាអ្នកផ្តល់ពូជអំពៅស្ករឲ្យដាំ ពេលប្រជាពលរដ្ឋដាំបានក្រុមហ៊ុនប្រមូលទិញវិញ។
ទើបប្រជាពលរដ្ឋយល់ព្រមប្រគល់ដីឲ្យទៅក្រុមហ៊ុនដាំអំពៅហើយក្រុមហ៊ុនបានហៅតំណាងប្រជាពលរដ្ឋទៅរៀនបច្ចេកទេសដាំអំពៅ និងធ្វើជាកម្មករដាំអំពៅ។ ការដាំអំពៅរបស់ក្រុមហ៊ុនអិនខេវែនឈ័រ បាន២ឆ្នាំ ក៏បរាជ័យខ្ស័យធន ឈប់ដំណើការធ្វើឲ្យព្រៃ និងស្មៅដុះជិតវិញ។ នៅឆ្នាំ២០១៦ ប្រជាពលរដ្ឋគ្មានមុខរបរគ្មានដីធ្វើស្រែចម្ការផ្គត់ផ្គង់ជីវភាពគ្រួសារក៏នាំគ្នាទៅរុករានដីយកធ្វើស្រែចម្ការតាមដីដែលខ្លួនធ្លាប់គ្រប់គ្រងពីមុនមកស្រាប់តែនៅឆ្នាំ២០១៧ មានក្រុមហ៊ុនផ្សេងមករារាំង និងដាក់ពាក្យបណ្តឹងប្តឹងមកតុលាការសាលាដំបូងខេត្តស្វាយរៀងដោយចោទប្រកាន់តំណាងសហគមន៍ប្រជាពលរដ្ឋចំនួន២៦នាក់ស្រី០៩នាក់។
ពីបទរំលោភកាន់កាប់ដីឯកជនរបស់រដ្ឋដោយចេតនា និងបានកោះហៅប្រជាពលរដ្ឋមកសាកសួរនៅតុលាការរាល់ខែក្នុង១ខែម្តងចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩នេះ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន៤៤០គ្រួសារយ៉ាងខ្លាំង ដោយគ្មានដីប្រកបមុខរបរកសិកម្ម គ្មានការងារធ្វើ កូនៗមិនបានចូលសាលារៀនសូត្រ។ ចំណែកក្រុមហ៊ុនថ្មីនេះមិនដឹងថាឈ្មោះក្រុមហ៊ុនអីទេ ប្រជាពលរដ្ឋបានសាកសួរដែរក៏ប៉ុន្តែអាជ្ញាធរ បិទបាំងមិនប្រាប់ឈ្មោះសូម្បីដើមបណ្តឹងឈ្មោះអីក៏ប្រជាពលរដ្ឋមិនបានស្គាល់ដែររហូតដល់ឆ្នាំ២០១៩នេះ។
ប្រជាពលរដ្ឋដែលប៉ះពាល់មាន៤ភូមិគឺ ភូមិត្បែង ភូមិស្រែឫស្សី ភូមិត្រពាំងពពេល និងភូមិរមាសហែក ឃុំអំពឹលស្រុករមាសហែក។
ប្រជាពលរដ្ឋទាំង៤៤០គ្រួសារ ក្នុងឃុំអំពិលបានអំពាវនាវ សូមឲ្យរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខ មេត្តាជួយអន្តរាគមន៍សូមឲ្យតុលាការលើកលែងការចោទប្រកាន់តំណាងប្រជាពលរដ្ឋ ទាំង២៦នាក់ឲ្យមានសេរីភាពវិញ និងមេត្តាចុះមកពិនិត្យដោះស្រាយបែងចែកដីឲ្យប្រជាពលរដ្ឋ បានគ្រប់គ្រង និងអាស្រ័យផលស្របច្បាប់ដោយអនុគ្រោះ ៕ យឹម សុថាន