ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតបារាំងបើកទ្វារស្វាគមន៍សាធារណជនចូលទស្សនាឧទ្យានដោយសេរីក្នុងទិវាបេតិកភណ្ឌ នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតបារាំងបើកទ្វារស្វាគមន៍សាធារណជនចូលទស្សនាឧទ្យានដោយសេរីក្នុងទិវាបេតិកភណ្ឌ នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។​

ដូចបណ្តាឆ្នាំកន្លងទៅ  ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារស្វាគមន៍សាធារណជនចូលទស្សនាដោយសេរីនៅ​ថ្ងៃសៅរ៍ ទី២១ ខែកញ្ញាខាងមុខ ក្នុងឱកាសនៃទិវាបេតិកភណ្ឌ។ ស្ថិតក្រោមប្រធានបទ «ដំណើរកម្សាន្តតាមព្រៃព្រឹក្សា» ព្រឹត្តិការណ៍ពិសេសឆ្នាំនេះនឹងអនុញ្ញាតឱ្យអ្នកទស្សនាអាចគយគន់និងស្វែងយល់ពីឧទ្យានដ៏ស្រស់ស្អាតរបស់ស្ថានទូត ដែលជាសួនដ៏ធំមួយនៅរាជធានីភ្នំពេញដែលមានដើមឈើ ផ្កានិងរុក្ខជាតិនានាចម្រុះ​ជាច្រើនប្រភេទ។

យោងតាមការចុះបញ្ជីរុក្ខជាតិធ្វើឡើងដោយអ្នកជំនាញផ្នែកក្សេត្រសាស្រ្តបារាំង និងមន្ត្រីជំ​នាញព្រៃឈើខ្មែរ ស្ថានទូតបារាំងមានដើមឈើជាង២០០ដើម ត្រូវជាជាង៥០ប្រភេទផ្សេងៗគ្នា ដែលកំពុងដុះត្រឈឹងត្រឈៃក្នុងឧទ្យានទំហំ៤,៥ហិចតា។ បន្ថែមពីលើនេះ   មានដើមឈើជាង៥០ដើមផ្សេងទៀត ដែលក្រសួងបរិស្ថានកម្ពុជា​បានផ្តល់ឲ្យស្ថានទូត ដើម្បីដាំបំពេញបន្ថែមក្នុងក្របខ័ណ្ឌនៃគម្រោងលើកស្ទួយតម្លៃរុក្ខជាតិចម្រុះនៅក្នុង​ឧទ្យាន​​ស្ថានទូត។ ម៉្យាងទៀត ស្លាកពន្យល់ក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីបង្ហាញពីប្រភេទដើមឈើគួរឱ្យកត់សម្គាល់មួយចំនួន ។ 

ដំណើរកម្សាន្តក្នុងឧទ្យានក៏ជាឱកាសមួយ​ សម្រាប់សាធារណជនគយគន់ស្នាដៃគំនូររុក្ខជាតិលើជញ្ជាំងរបស់សិល្បករបារាំងនូប្លា និងវត្ថុសិល្ប:មួយចំនួនដែលរចនាដោយសិល្បករកម្ពុជា អ៊ូ វណ្ណឌី។ ក្នុងទិវាបេតិកភណ្ឌនេះ ស្ថានទូតនឹងបើកទ្វារពេញមួយថ្ងៃ ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល (រួមទាំងពេលថ្ងៃត្រង់ពីម៉ោង១២ដល់ម៉ោង២រសៀលផងដែរ)។ សាធារណជនអាចចូលទស្សនា​ដោយសេរី ដោយមិនចាំបាច់ចុះឈ្មោះ​ជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយក​ចំណី​អាហារ ភេសជ្ជៈ(លើកលែងទឹក) និង​កាបូប​ធំៗចូលនោះទេ។

ឧទ្យានស្ថានទូតបារាំងគឺជាលំហបៃតងដ៏ធំមួយនៅរាជធានីភ្នំពេញ ដែលបើកជូនសាធារណជនចូលទស្សនាជាច្រើនលើកក្នុងមួយឆ្នាំៗក្នុងឱកាសផ្សេងៗគ្នា។

ផ្តួចផ្តើមឡើងដោយប្រទេសបារាំង​  ទិវាបេតិកភណ្ឌបច្ចុប្បន្នត្រូវបានប្រារព្ធធ្វើនៅតាមបណ្តាប្រទេសនានាជាង៥០ប្រទេស។ នៅកម្ពុជា អគារដ៏ស្រស់ស្អាតផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាដោយសេរីផងដែរ ក្នុងនោះមាន៖  សាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស ការិយាល័យអង្គការ​យូណេស្កូ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សណ្ឋាគារ​ឡឺរ៉ូយ៉ាល់នៅភ្នំពេញ​ និងអភិរក្សអង្គរនៅសៀមរាប។ ម៉ោងពេលនិងបែបបទនៃការទស្សនា​ត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ។ លោកអ្នកអាចស្វែងយល់ព័ត៌មានបន្ថែមនៅលើទំព័រហ្វេសប៊ុករបស់ស្ថាប័នចូលរួម ឬនៅលើទំព័រ www.facebook.com/HeritageDayKH

អ្នកសារព័ត៌មាន ដែលមានបំណងចូលរួមយកព័ត៌មានស្តីពីទិវាបេតិកភណ្ឌនៅស្ថានទូតបារាំង សូមទាក់​ទងលោក ទឹង សុខលីម ជាមុនតាមរយ: soklim.tung@diplomatie.gouv.fr ឬទូរស័ព្ទ ០១២ ៦៦៦ ៣០២​។ 

 


ចែករំលែក៖