ព័ត៌មានទាន់ហេតុការណ៍៖

អបអរ ទ្រី តារាវុធ ទទួលបានពានរង្វាន់មួយស្រេចមុនថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ អបអរសាទរសម្រាប់បេក្ខភាពពីកម្ពុជា គឺតារាសម្តែង ទ្រី តារាវុធ ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស Man Of The Year នៅប្រទេសមីយ៉ាន់ម៉ានោះ គឺទទួលបានពានរង្វាន់ ញញឹមស្រស់ស្អាតបំផុតមួយពីកម្មវិធី។ ពានរង្វាន់នេះត្រូវបានប្រគល់រួចហើយ ស្របពេលដែលការបោះឆ្នោតតាមបណ្តាញទំនាក់ទំនងសង្គមកំពុងប្រព្រឹត្តិទៅ ខណៈដែលការប្រកួតផ្តាច់ព្រ័ត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ខែកញ្ញាខាងមុខនេះ។

តារាសម្តែងទ្រី តារាវុធ បានចាកចេញពីប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធីខាងលើចាប់តាំងពីព្រឹកថ្ងៃទី១២ខែកញ្ញា ។ មានកម្មវិធីថតរូប ការជួបជុំ ដំណើរកម្សាន្ត និងប្រកួតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ មុនពេលចូលដល់វគ្គផ្តាច់ព្រ័ត កម្មវិធីមានការប្រកួតមួយចំនួនផ្សេងទៀតដើម្បីស្វែងរកម្ចាស់ជ័យលាភីមួយចំនួន ។ ក្នុងនោះកាលពីរាត្រីថ្ងៃទី១៧ខែកញ្ញានេះ មានការប្រកួតនៅក្នុងខេត្តមួយនៃប្រទេសមីយ៉ាន់ម៉ា។

ក្រោយពីការប្រកួតកម្មវិធីបានប្រកាសពានរង្វាន់មួយចំនួនទាំងពានរង្វាន់ប្រជាប្រិយ ពានដើរបង្ហាញម៉ូត ពានសុខភាព ជាដើម ដែលក្នុងនោះបេក្ខភាពពីកម្ពុជា លោក ទ្រី តារាវុធ ទទួលបានពានរង្វាន់មួយផងដែរគឺពានរង្វាន់ញញឹមល្អបំផុត។ ថ្លែងដោយខ្លីពីប្រទេសមីយ៉ាន់ម៉ា លោក ទ្រី តារាវុធ បានលើកឡើងថាលោកពិតជាមោទនភាព និងសប្បាយរីករាយដែលទទួលបានការគាំទ្រផ្តល់កម្លាំងចិត្តជាច្រើនពីប្រជាពលរដ្ឋកម្ពុជា និងអរគុណសម្រាប់ការផ្តល់ពិន្ទុយ៉ាងល្អពីគណៈកម្មការអន្តរជាតិ។ លោកនៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឲ្យអស់ពីលទ្ធភាពសម្រាប់ការចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត។

គួរបញ្ជាក់ដែរថា លោក ទ្រី តារាវុធ បានក្លាយជាបុរសទី១នៅកម្ពុជាដែលទទួលបានឱកាសចេញទៅ​ចូលរួមប្រកួតផ្នែកសម្រស់ព្រឹត្តិការណ៍ប្រកួត Man Of The Year ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ ក្នុងនោះយ៉ាងហោចណាស់មានការចូលរួមពីបេក្ខជនតំណាងប្រទេសប្រមាណ២០មកពីជុំវិញពិភពលោកចូលរួមប្រកួត។ ពេលនេះមានការចូលរួមបោះឆ្នោតមួយចំនួនដើម្បីស្វែងរកបេក្ខភាពជ័យលាភីលើពានរង្វាន់មួយចំនួនបន្ថែមទៀតនៅលើគេហទំព័រហ្វេសប៊ុក Missology  ដែលការបោះឆ្នោតនេះក៏ត្រូវការការជួយ Like និងShare របស់អ្នកគាំទ្រផងដែរ៕ វឌ្ឍនា


ចែករំលែក៖