រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា លោក Subrahmanyan Jaishankar បាននិយាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឥណ្ឌា រំពឹងថា នឹងយកបានតំបន់ដែលកំពុងគ្រប់គ្រងដោយប៉ាគីស្ថាន នៅតំបន់កាស្មៀរទាំងមូល នៅថ្ងៃណាមួយ ។
លោក Jaishankar បានបញ្ជាក់ថា តំបន់កាស្មៀរ គឺជាផ្នែកមួយ នៃប្រទេសឥណ្ឌាហើយយើងរំពឹងថា នៅពេលអនាគត់ដ៏ខ្លី តំបន់កាស្មៀរទាំងមូលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ឥណ្ឌា ។ បច្ចុប្បន្នទាំងឥណ្ឌា និងប៉ាគីស្ថាន បានបញ្ជូនអាវុធ និងទាហានជាច្រើនទៅកាន់ព្រំដែនតំបន់កាស្មៀរត្រៀមទប់ទល់នឹងការឈ្លានពាន។
បើទោះបីកម្លាំងទាហានប្រទេសទាំងពីរ ស្ទើរតែផ្ទុះអាវុធដាក់គ្នា ប៉ុន្តែ ទាហានឥណ្ឌា និងប៉ាគីស្ថាន ធ្វើសមយុទ្ធរួមគ្នា នៅរុស្ស៊ី ។ សារព័ត៌មានរុស្ស៊ី បានផ្សាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ថា កម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមធ្វើសមយុទ្ធរួមគ្នា ដើម្បីប្រឆាំងភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី។ កម្លាំងទាហានប៉ាគីស្ថាន នៅថ្ងៃទី១៧ ខែកញ្ញា បានប្រកាសថា កម្លាំងទាហានប៉ាគីស្ថាន បានចូលរួមសមយុទ្ធ រយៈពេល១សប្តាហ៍ នៅក្នុងតំបន់សមុទ្រ Orenberg ប្រទេសរុស្សី ក្រោមការដឹកនាំរបស់អង្គការសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ SCO ។
បើតាមសេចក្តីប្រកាសរបស់កម្លាំងទាហានប៉ាគីស្ថាន បានបញ្ជាក់យ៉ាងច្បាស់ថា « សមយុទ្ធនេះ គឺដើម្បីបង្កើនសមត្ថភាពការពារប្រឆាំងនឹងអំពើភេរវកម្ម និងរក្សាសន្តិសុខ នៅក្នុងតំបន់។ ប៉ាគីស្ថានបានចូលរួលធ្វើសមយុទ្ធរួមគ្នា កាលពីឆ្នាំ២០១៨ ។
សមយុទ្ធនេះ ឈ្មោះ Vostok 2019 បានចាប់ផ្តើម នៅថ្ងៃទី១៦ ខែកញ្ញា និងបញ្ចប់ទៅវិញ នៅថ្ងៃទី២១ ខែកញ្ញា ដោយមានការចូលរួមពីកងទ័ពចំនួន៨ប្រទេស ក្នុងនោះមានរុស្ស៊ី, ចិន, ឥណ្ឌា ប៉ាគីស្ថាន, Kyrgyzstan, Kazakhstan, Tajikistan និង Uzbekistan ៕