ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ព្រំដែនកាន់តែតានតឹង តែទាហានឥណ្ឌានឹងប៉ាគីស្ថានក៏បានរួមគ្នាធ្វើសមយុទ្ធនៅរុស្ស៊ី

ចែករំលែក៖

រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា លោក Subrahmanyan Jaishankar បាន​និយាយ​កាល​ពីថ្ងៃទី​១៧ ខែកញ្ញា ឥណ្ឌា រំពឹងថា នឹងយកបានតំ​បន់ដែល​កំពុងគ្រប់គ្រង​ដោយប៉ាគីស្ថាន នៅតំបន់កាស្មៀរទាំងមូល នៅថ្ងៃណាមួយ ។

លោក Jaishankar បានបញ្ជាក់ថា តំបន់កាស្មៀរ គឺជាផ្នែក​មួយ នៃប្រទេសឥណ្ឌា​ហើយ​យើងរំពឹង​ថា នៅពេលអនាគត់ដ៏ខ្លី តំបន់កាស្មៀរទាំងមូលស្ថិតនៅក្រោម ការគ្រប់គ្រង​របស់ឥណ្ឌា ។ បច្ចុប្បន្នទាំងឥណ្ឌា និងប៉ាគីស្ថាន បានបញ្ជូនអាវុធ និងទាហាន​ជាច្រើនទៅកាន់ព្រំដែនតំបន់កាស្មៀរត្រៀមទប់ទល់នឹងការឈ្លានពាន។

បើទោះបីកម្លាំងទាហានប្រទេសទាំងពីរ ស្ទើរតែផ្ទុះអាវុធដាក់គ្នា ប៉ុន្តែ ទាហានឥណ្ឌា ​និង​ប៉ាគីស្ថាន ធ្វើសមយុទ្ធរួមគ្នា នៅរុស្ស៊ី ។ ​សារព័ត៌មានរុស្ស៊ី បានផ្សាយ​ កាលពីថ្ងៃទី​១៧ ខែកញ្ញា ថា​ កម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន បានចូលរួម​ធ្វើសមយុទ្ធរួមគ្នា ដើម្បីប្រឆាំងភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី។ កម្លាំងទាហានប៉ាគីស្ថាន នៅថ្ងៃទី​១៧ ខែកញ្ញា បានប្រកាសថា កម្លាំងទាហានប៉ាគីស្ថាន បានចូលរួមសមយុទ្ធ រយៈពេល​១សប្តាហ៍ នៅក្នុងតំបន់សមុទ្រ​ Orenberg ​ប្រទេសរុស្សី​ ក្រោមការដឹកនាំរបស់អង្គការសហប្រតិបត្តិការ​សៀងហៃ  ឬហៅកាត់ SCO ។

បើតាមសេចក្តីប្រកាស​របស់កម្លាំងទាហានប៉ាគីស្ថាន បានបញ្ជាក់យ៉ាងច្បាស់ថា​ « សមយុទ្ធនេះ គឺដើម្បី​បង្កើនសមត្ថភាព​ការពារប្រឆាំងនឹងអំពើភេរវកម្ម និងរក្សាសន្តិសុខ នៅក្នុងតំបន់​។ ប៉ាគីស្ថានបានចូលរួលធ្វើសមយុទ្ធរួមគ្នា ​ កាលពីឆ្នាំ​២០១៨ ។

សមយុទ្ធនេះ ឈ្មោះ Vostok 2019 បានចាប់ផ្តើម នៅថ្ងៃទី​១៦ ខែកញ្ញា និងបញ្ចប់ទៅវិញ នៅថ្ងៃទី​២១ ខែកញ្ញា ដោយមានការចូលរួម​ពីកងទ័ពចំនួន​៨ប្រទេស​ ​ក្នុងនោះមាន​រុស្ស៊ី, ចិន, ឥណ្ឌា ប៉ាគីស្ថាន, Kyrgyzstan,  Kazakhstan, Tajikistan និង Uzbekistan ៕​


ចែករំលែក៖