តាំងពីដើម ក្រុមឧទ្ទាម ហេបូឡោះ និងអ៊ីស្រាអែល គឺជាសត្រូវនឹងគ្នា ដោយភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក។ ក្រុមហេបូឡោះក៏បានប្រើប្រាស់ រ៉ុក្កែត និងមីស៊ីល វាយប្រហារ ទៅលើប្រទេសអ៊ីស្រាអែល ចំណែកទាហានអ៊ីស្រាអែល ក៏បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមហេបូឡោះ។
នៅពេលនេះ កម្លាំងប្រដាប់អាវុធហេសប៊ូលឡាហ៍ ( Hezbollah) នៅក្នុងប្រទេសលីបង់ បានប្រកាសថា ក្រុមរបស់ខ្លួនមានកាំជ្រួចមីស៊ីលប្រឆាំងនឹងនាវាចម្បាំង ហើយពួកគេអាចកម្ទេចរាល់នាវាចម្បាំងរបស់សត្រូវបាន ជាពិសេស នាវារបស់អ៊ីស្រាអែល។
បើតាមរូបភាព ដែលបានបង្ហាញពីមីស៊ីលប្រឆាំងនឹងនាវាចម្បាំងរបស់ក្រុម Hezbollah មានលក្ខណៈស្រដៀងគ្នាទៅនឹងមីស៊ីល INS Hanit នៅក្នុងសង្គ្រាមលីបង់ កាលពីអំឡុងឆ្នាំ២០០៦។
លោក Haj hajj Jalal មេបញ្ជាការកងកម្លាំងឧទ្ទាមហេសប៊ូឡាហ៍ បានបញ្ជាក់ថា មីស៊ីលខាងលើនេះ មានសមត្ថភាពគ្រាប់គ្រាន់ សម្រាប់កម្ទេចនូវនាវាចម្បាំងរបស់ប្រទេសអ៊ីស្រាអែល។
លោក Haj hajj Jalal បានបន្តទៀតថា ក្រៅពីមីស៊ីលខាងលើនេះ កងកម្លាំងរបស់លោក ក៏នៅមានប្រភេទមីស៊ីលប្រឆាំងនឹងនាវា ប្រភេទ Yakhont ផលិតដោយប្រទេសរុស្ស៊ីផងដែរ។ កាលពីដើមឆ្នាំ២០១៩ មេដឹកនាំក្រុម ហេសប៊ូឡាហ៍ បានបញ្ជាក់ថា រុស្ស៊ីបានផ្គត់ផ្គង់មីស៊ីល និងអាវុធទំនើបៗជាច្រើនប្រភេទដល់ក្រុមហេសប៊ូឡាហ៍។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ភាគីរុស្ស៊ី មិនបានបញ្ជាក់ថា ការលើកឡើងខាងលើនេះ ជាការពិតឬយ៉ាណានោះឡើយ។
ប្រសិនបើការប្រេកាសខាងលើរបស់ក្រុមហេសប៊ូឡាហ៍ ជាការពិតមែននោះ គឺជាការគំរាមកំហែងយ៉ាងខ្លាំងដល់កងកម្លាំងទាហានរបស់អ៊ីស្រាអែល។ ក្រៅពីនេះ ក្រុមហេសប៊ូឡាហ៍ ក៏ទទួលបានការផ្គត់ផ្គង់ អាវុធទំនើបៗជាច្រើន ពីប្រទេសអ៊ីរ៉ង់ ក្នុងនោះមានមីស៊ីល Fateh-110 ផងដែរ៕