ខេត្តបន្ទាយមានជ័យ៖ ផ្លូវលំមួយខ្សែប្រវែង៣០០០ម៉ែត្រ រងការខូចខាតដោយរថយន្តឈ្មួញរកស៊ីដឹកដី ត្រូវបានព្រះសង្ឃនិងសប្បុរសជនជួសជុលចាក់ថ្មមិច សម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៩ តភ្ចាប់ពីផ្លូវជាតិលេខ៥រហូតដល់វត្តរតនសុខសាន្ត(អូរខៃដន) ក្នុងភូមិរតនសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ចៅអធិកាវត្តរតនសុខសាន្ត ព្រះនាម ណយ នេត មានសង្ឃដិកាថា ដោយមើលឃើញពីភាពលំបាកក្នុងការធ្វើដំណើរ របស់ញាតិញោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋ កម្មករ កម្មការនីរោងច្រក សិស្សានុសិស្ស និងជារដូវបុណ្យភ្ជុំបិណ្ឌកាន់វេនផងនោះ ព្រះអង្គ និងមានការចូលរួមពីសប្បុរសជនអាជីវករ រួមទាំងក្រុមចលនាយុវជនកម្ពុជា(ក្រម១៥៧)ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានសរុបថវិកាជាង៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជួសជុលផ្លូវនេះឡើងដែលមានប្រវែងជិត៣០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ចាក់ថ្មមិកកៀរកិនបង្ហាប់សម្រួលការធ្វើដំណើរ ហើយក៏តែងតែធ្វើការជួលជុលជារៀងឆ្នាំផងដែរ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបានឲ្យដឹងថា ផ្លូវនេះ ពិតជាមានការលំបាកខ្លាំងណាស់ កន្លែងខ្លះស្អិត កន្លែងខ្លះរអិល និងតែងតែបង្កឲ្យអ្នកធ្វើដំណើរដួលរងរបួស គ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ។ ដែលបញ្ហានេះពលរដ្ឋបញ្ជាក់ថា វាកើតឡើងរយៈពេល៣ឆ្នាំ មកហើយ ចាប់តាំងពីក្រុមហ៊ុនទឹកស្អាត(ANCO WATER) មកកាយអាងស្តុបទឹក និងមានកាយអាចម៌ដីលក់ពីបណ្តាក្រុមឈ្មួញជាច្រើន ដែលក្នុង១ថ្ងៃរាប់ពាន់ជើង ហើយខែប្រាំងវិញក៏ហ៊ុយរស់នៅសឹងមិនចង់បានផងដែរ។
គួរបញ្ជាក់ផងដែរថា រថយន្តរបស់ក្រុមឈ្មួញដឹកដីចេញពីអាងស្តុបទឹកខាងលើនេះ តែងតែបង្កបញ្ហាជាច្រើនដូចជា រុះដី នៅលើផ្លូវជាតិលេខ៥ បង្កឲ្យផ្លូវកៅស៊ូក្នុងក្រុងប៉ោយប៉ែតមានដីហ៊ុយ និងរអិលម៉ូតូរថយន្តពេលមានភ្លៀងធ្លាក់ អ្នកធ្វើដំណើរ បង្កជាគ្រោះថ្នាកចរាចរណ៍ រអិលធ្លាក់ប្រឡាយ អ្នកបើកបរម៉ូតូដួល ឃើញអាជ្ញាធរចុះណែនាំច្រើនដងដែរ តែគ្មានប្រសិទ្ធភាព៕នីម វណ្ណា