ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ចចាប់រថយន្តនិងឈើរបស់ឈ្មួញដុះស្លែ​ឈ្មោះ ស៊ាន ពុទ្ធា ប្រគល់ឲ្យមេព្រៃ

ចែករំលែក៖

ខេត្តរតនគិរី ៖ ​រថយន្ត​សាំ​យ៉ុង​ល្មើសច្បាប់​១​គ្រឿងដែល​ ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ​ស្ទាក់ចាប់បានកាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ភូមិ​ថ្មី ឃុំ​ទី​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ។

សមត្ថកិច្ចជំនាញ​បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​​ឧត្ដមសេនីយ៍​ត្រី ​ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី ឲ្យ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវប្រញាប់ ចុះ​ចាប់​ឃាត់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ​ពណ៌​ស គ្មាន​ស្លាក​លេខ ដឹក​ឈើ​ខុស​ច្បាប់ នៅ​ចំណុច​ភូមិ​/​ឃុំ​កើត​ហេតុ​ខាងលើ។​ ភ្លាម​នោះ ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បរ​កែវ ទៅដល់​ចំណុច​ខាង​លើ ក៏បាន​ប្រទះ​ឃាត់​រថយន្ត​នោះ ​ហើយ​បាន​ឆែកឆេរ ​និង​ត្រួតពិនិត្យ​ ក៏បាន​រក​ឃើញ​ឈើ​នៅ​ក្នុង​រថយន្ត​ជាច្រើន​ដុំ​ផងដែរ។

សមត្ថកិច្ច​បាន​បន្តថា វត្ថុតាង​ដែល​បាន​ដកហូត​រួមមាន រថយន្ត​សាំ​យ៉ុង​ ពណ៌​ស គ្មាន​ស្លាក​លេខ ចំនួន​១​គ្រឿង ឈើ​សន្លឹក​ទ្វារ​សុ​ក្រំ ចំនួន៥​សន្លឹក​ ឈើ​ធ្នង់ ប្រហែល​២០០​គីឡូក្រាម (​មិនទាន់​ថ្លឹង​)​។ដោយឡែក​ម្ចាស់​រថយន្ត​ឈ្មោះ ស៊ាន ពុទ្ធា “​ហៅ​ក្រៅ​ធា​” ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទេស​អន្ទង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី ជា​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ឈើ​ជា​យូរ​មក​ហើយ​ដែរ ​ ​ត្រូវ​បាន​ឃាត់ខ្លួនបញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

បច្ចុប្បន្ន​មធ្យោបាយ​ដឹកជញ្ជូន ​និង​ឈើដែលរឹបអូសបានត្រូ​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​បរ​កែវ ​ បញ្ជូន​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ សហការី


ចែករំលែក៖