ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានពលរដ្ឋ១០០នាក់ បាននាំគ្នាមកឈរមុខសាលាខេត្តសៀមរាប ដើម្បីស្នើឲ្យអាជ្ញាធរ ជួយអន្តរាគមន៍បញ្ឈប់ ក្រុមហ៊ុនឯកជនចំនួន២ដែលបានឈូសឆាយដី ក្នុងបរិវេណអាងស្តុកទឹករបស់រដ្ឋលើផ្ទៃទំហំ២៧០ហិកតា ក្នុងសង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ។
អាជ្ញាធរបានឲ្យដឹងថា អាជ្ញាធរខេត្តបានហៅសហគមន៍ដីធ្លី និងពលរដ្ឋទាំងនោះចូលទៅសាលាខេត្តដើម្បីរកដំណោះស្រាយក្នុងសាលាប្រជុំសាលាខេត្តដើម្បីជួបគ្នារកដំណោះស្រាយ។ ពលរដ្ឋទាំងនោះមកពីសង្កាត់ស្វាយដង្គំ,សង្កាត់សៀមរាប និងសង្កាត់សំបួរ ដែលដឹកនាំដោយលោកគ្រំ វ៉េត ប្រធានសហគមន៍ដីធ្លីភ្នំក្រោម និងមានមកពីភូមិតាពេន ឃុំត្បែង ស្រុកបន្ទាយស្រី ដឹកនាំដោយលោកស្រីសុភី ប្រជាពលរដ្ឋសរុបរួមចំនួន៦១នាក់ស្រី១៤នាក់។
ពលរដ្ឋបានឲ្យដឹងថា ពួកគាត់មកនេះគឺ ដើម្បីទាមទារឲ្យអាជ្ញាធរក្រុងនិងខេត្ត ជួយដោះស្រាយកង្វល់របស់ពួកគាត់។ ក្រុមការងារ នៃសាលាខេត្ត បានអញ្ជើញឲ្យពួកគាត់ចូលសាលប្រជុំបន្ទប់លេខ១ ដើម្បីសួរនាំ ដោយមានលោកសុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប ចូលរួមសម្របសម្រួលផងដែរ។
ពលរដ្ឋបន្តថា ពួកគាត់បានសំណូមពរដូចជា៖ស្នើឲ្យ អាជ្ញាធរក្រុង/ខេត្ត ជួយរក្សាការពារតំបន់អាងទឹកជាយឫស្សី ខាងលើទំនប់៧៨ដែលជាសម្បត្តិសាធារណៈ រួម ៖
ទី១-ការពារព្រៃលិចទឹក និងមានវិធានការចំពោះក្រុមដែលទន្ទ្រាន ព្រៃលិចទឹក
ទី២-ស្នើឲ្យអាជ្ញាធរ ជួយអន្តរាគមន៍បញ្ឈប់ ការឈូសឆាយដី ក្នុងបរិវេណអាងស្តុបទឹករបស់រដ្ឋលើផ្ទៃទំហំ២៧០ហិកតា ដែលក្រុមហ៊ុនឯកជនរំលោភយក នៃផ្ទៃដីសរុប១០៩៦ហិកតា នៃផ្ទៃអាងទឹករួមដែលស្ថិតក្នុងសង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ
ទី៣-ស្នើឲ្យក្រុមហ៊ុនកាយដីហើយឲ្យលប់ដីឲ្យរាបស្មើដូចដើមវិញ
ទី៤-និរាករណ៍ រាល់លិខិតរបស់ក្រុមហ៊ុន ដែលមានភាពខុសប្រក្រតី គឺក្រុមហ៊ុន អូន មុន្នី និងក្រុមហ៊ុន យ៉ែម រចនី្ន។
មន្ត្រីសាលាខេត្តបានឲ្យដឹងថា ខ្លឹមសារសម្របសម្រួល ដោយលោក សុខ ថុល សូមឲ្យអាជ្ញាធរទាំងបីសង្កាត់បញ្ចប់ការឈូសឆាយ។ មើលលិខិតស្នាមនៃការកាន់កាប់ដីធ្លីសិន(ក្រុមហ៊ុនឈូសឆាយ) និងយកសំណើជូនលោកអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច។
ក្រុមការងារខេត្តសៀមរាប និងចុះទៅពិនិត្យ ស្ថានភាពទីតាំងដែលប្រជាពលរដ្ឋលើកឡើងជាក់ស្ដែង ក្រោយបុណ្យភ្ជុំបិណ្ឌរួច។ ទុកពេលពិនិត្យមើលលើឯកសារ ដែលពាក់ព័ន្ធប្រជាជន ព្រមទទួលយកការដំណោះស្រាយរបស់លោក សុខ ថុល និងបានវឹលត្រឡប់ទៅផ្ទះវិញកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកនេះ៕ ប៊ុនរិទ្ធី