ខេត្តរតនគិរី ៖ រថយន្តសាំយ៉ុងល្មើសច្បាប់១គ្រឿងដែល ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើនោះត្រូវបាន កម្លាំងកងរាជអាវុធហត្ថស្រុកបរកែវស្ទាក់ចាប់បានកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិថ្មី ឃុំទីចាក់ ស្រុកបរកែវ ខេត្តរតនគិរី តាមបណ្ដោយផ្លូវជាតិលេខ៧៨ ចេញពីក្រុងបានលុងឆ្ពោះទៅកាន់ប្រទេសវៀតណាម ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី ឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវប្រញាប់ ចុះចាប់ឃាត់រថយន្តសាំយ៉ុង១គ្រឿង ពណ៌ស គ្មានស្លាកលេខ ដឹកឈើខុសច្បាប់ នៅចំណុចភូមិ/ឃុំកើតហេតុខាងលើ។ ភ្លាមនោះ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបរកែវ ទៅដល់ចំណុចខាងលើ ក៏បានប្រទះឃាត់រថយន្តនោះ ហើយបានឆែកឆេរ និងត្រួតពិនិត្យ ក៏បានរកឃើញឈើនៅក្នុងរថយន្តជាច្រើនដុំផងដែរ។
សមត្ថកិច្ចបានបន្តថា វត្ថុតាងដែលបានដកហូតរួមមាន រថយន្តសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ចំនួន១គ្រឿង ឈើសន្លឹកទ្វារសុក្រំ ចំនួន៥សន្លឹក ឈើធ្នង់ ប្រហែល២០០គីឡូក្រាម (មិនទាន់ថ្លឹង)។ដោយឡែកម្ចាស់រថយន្តឈ្មោះ ស៊ាន ពុទ្ធា “ហៅក្រៅធា” ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិទេសអន្ទង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ជាឈ្មួញដុះស្លែរកស៊ីឈើជាយូរមកហើយដែរ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកបរកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្នមធ្យោបាយដឹកជញ្ជូន និងឈើដែលរឹបអូសបានត្រូកម្លាំងកងរាជអាវុធហត្ថស្រុកបរកែវ បញ្ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ សហការី