ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃម្នាក់ ត្រូវលោកចៅក្រម សេង រិទ្ធី សម្រេចឃុំខ្លួនពាក់ព័ន្ធស៊ីដាច់លុយ២ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ

ចែករំលែក៖

​ភ្នំពេញ ៖ លោក សេង រិទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈ លើសមាជិកក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃម្នាក់ ហើយសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន មុនជំនុំជម្រះលើអង្គសេចក្តី ពាក់ព័ន្ធស៊ីដាច់ប្រាក់ពលរដ្ឋចំនួន២ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ។

ជនជាប់ចោទ ហុក គីមសាយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលាដំបូងបានឲ្យដឹងថា សវនាការមុនអង្គសេចក្តីនេះ គឺបានធ្វើឡើងដោយលោកចៅក្រម សេង រិទ្ធី និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ ពាក់ព័ន្ធករណីឆបោក។

លោក ហុក គីមសាយ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ពេលសវនាការលោកចៅក្រមបានបញ្ជាក់ពីអង្គហេតុបន្តិចបន្តួច ទៅជនសង្ស័យដើម្បីឲ្យយល់ពីការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននេះ ព្រោះនេះមិនមែនជាសវនាការលើអង្គសេចក្តីទេ។

ចំពោះមូលហេតុដែលបណ្តាលឲ្យចៅក្រមជំនុំជម្រះផ្ទាល់នោះ គឺនៅក្នុងអំឡុងឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ហុក គីមសាយ បានយកប្រាក់ពីឈ្មោះ ម៉ែន ច័ន្ទវាសនា ចំនួន២ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការចូលក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ។ ប៉ុន្តែជនសង្ស័យមិនបានបំពេញកតប្បកិច្ច ទៅតាមអ្វីដែលបានសន្យាជាមួយម្ចាស់ប្រាក់ទេ ថែមទាំងស៊ីដាច់ប្រាក់គេ២ម៉ឺនដុល្លារអាមេរិកនោះទៀត ហើយគេចខ្លួនរហូតជាង២ឆ្នាំ ទើបត្រូវម្ចាស់ប្រាក់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនពីបទ.ឆបោក។ ក្នុងសវនាការជនសង្ស័យឈ្មោះ ហុក គីមសាយ បានសារភាពថា ពិតជាបានប្រព្រឹត្តមែន តែប្រាក់នោះខ្លួនទទួលបានតែ៣០០០ដុល្លារទេ ក្រៅ ពីនេះបានប្រគល់ឲ្យទៅកូនលោកធំម្នាក់ទៀតរត់ការបន្ត។ ដើម្បីការពារផលប្រយោជន៍ដល់ដើមបណ្តឹង និងជៀសវាងការគេចខ្លួនចំពោះជនសង្ស័យ ចៅក្រមជម្រះផ្ទាល់បានសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្នុងការឃុំខ្លួន ក្នុងដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិនដើម្បីបន្តនីតិវិធីនៅពេលក្រោយ។ ដូច្នេះជនត្រូវចោទ ត្រូវបញ្ជូនទៅឃុំខ្លួនតាមសេចក្ដីសម្រេចបឋមរបស់តុលាការ ៕ស តារា


ចែករំលែក៖