ព័ត៌មានទាន់ហេតុការណ៍៖

ចូលផឹកកាហ្វេ ចេញមកវិញច្រលំម៉ូតូជិះទៅផ្ទះមួយថ្ងៃ ទើបដឹងភ័យរត់ទៅប្តឹងសមត្ថកិច្ចរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ បានទៅប្តឹងសមត្ថកិច្ចរៀងៗខ្លួន បន្ទាប់ពីដឹងថាគាត់ជិះម៉ូតូច្រលំគ្នា ពេលចេញមកពីអង្គុយហាងកាហ្វេមួយកន្លែង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទៅបាត់រៀងខ្លួន អស់១យប់១ថ្ងៃ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ទើបរកគ្នាឃើញរួចដូរយកម៉ូតូវិញ នៅចំពោះមុខសមត្ថកិច្ច ។

យោងតាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា ដំបូងឡើងមានបុរស២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន២គ្រឿង ចតទុកដាក់នៅក្បែរគ្នា ហើយម្ចាស់ទាំង២នាក់នោះ ចូលទៅផឹកកាហ្វេនៅទីតាំងខាងលើ លុះពេលពួកគាត់ចេញមកវិញ បុរសទី១ ឈ្មោះ ទូច ទិវា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូ សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-7001 ក៏ចាក់សោជិះយកម៉ូតូបុរសទី២ ស៊េរី២០០៨ទៅបាត់ ទាំងមិនដឹងខ្លួនថាច្រឡំនោះទេ ។ ចំណែកឯបុរសទី២ ឈ្មោះ យ៉ង់ សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់ម៉ូតូ សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-4932  ចេញមកពីហូបកាហ្វេ ចាក់សោជិះយកម៉ូតូបុរសទី១ ស៊េរី២០១០ ទៅបាត់ដែរ តាំងពីវេលាម៉ោង១០ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះលក់កាហ្វេមួយកន្លែង ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទៅបាត់រៀងខ្លួន អស់១យប់១ថ្ងៃ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ទើបដឹងថាច្រលំម៉ូតូក៏ទៅប្តឹងសមត្ថកិច្ចរៀងខ្លួន រួចសមត្ថកិច្ចក៏បានដូរម៉ូតូឲ្យពួកគាត់វិញ ដោយមិនមានទោសអ្វីឡើយ ព្រោះនេះជាការយល់ច្រឡំ ។

តាមប្រភពនៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃទី១៧ ម្សិលមិញ ម៉ូតូទាំង២គ្រឿង ចតទុកជាប់គ្នាចាក់សោកត្រឹមត្រូវដូចគ្នា ហើយម្ចាស់ទាំង២នាក់ ចូលផឹកកាហ្វេ នៅកន្លែងកើតហេតុ លុះបុរសទី១ គាត់ចេញមកមុន បានចាក់សោជិះយកម៉ូតូ ស៊េរី២០០៨ ទៅបាត់ទាំងមិនដឹងថាច្រលំនោះទេ ។ លុះបុរសទី២ ចេញមកតាមក្រោយ មិនឃើញម៉ូតូខ្លួន តែឃើញម៉ូតូ ស៊េរី២០១០ រង់ចាំគេមកដូរវិញ ចាំបាត់ៗ អស់៣ម៉ោង ក៏សម្រេចចិត្ត ចាក់សោត្រូវដែរ ក៏ជិះយកទៅប្តឹងនគរបាលប៉ុស្តិ៍ នៅជាប់នោះតែម្តង ។

ដោយឡែកបុរសទី១ ក្រោយពីច្រឡំជិះម៉ូតូទៅធ្វើការរហូតទល់ល្ងាច គ្មានចាប់អារម្មណ៍ ជិះទៅដល់ផ្ទះ ឃើញម៉ូតូប្រឡាក់ភក់ហើយ បាញ់ទឹកលាង យ៉ាងស្អាត នៅតែមិនចាប់អារម្មណ៍ទៀត លុះដល់ព្រលប់ បណ្តើរម៉ូតូ ដើម្បីចូលផ្ទះ ទើបក្រឡេកឃើញ ស្លាកលេខម៉ូតូ ពេលនោះហើយ ទើបបុរសទី១ ដឹងខ្លួនថា ច្រលំម៉ូតូគេហើយ ចាប់ផ្តើមភ័យ មានតែជិះទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ តែម្តង ។

ដោយឡែកចំពោះករណីច្រលំម៉ូតូគ្នាខាងលើ ក្រោយពីប្តឹងសមត្ថកិច្ចរៀងខ្លួនហើយ ភាគីទាំងសងខាង មិនដឹងថាទៅរកម្ចាស់នៅឯណា មានតែថតបង្ហោះហ្វេសប៊ុក គាប់ជួនរកមុខគ្នាឃើញតាមប្រព័ន្ធសង្គម ទើបនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា នេះម្ចាស់សងខាងណាត់ជួបគ្នាយកម៉ូតូទៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីសុំទោសគ្នាទៅវិញទៅមក ជាកាច្រលំហើយដូរម៉ូតូគ្នាវិញចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងផងដែរ ៕ចន្ទ លីហ្សា


ចែករំលែក៖