ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សា​ជាមួយកូរ៉េខាងជើង ជុំវិញការរំសាយបរមាណូ

ចែករំលែក៖

កូរ៉េទាំងពីរអាចពិភាក្សាគ្នាដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធាក្នុងគោលបំណងដើម្បីបង្កើតទំនុកចិត្តដល់ក្រុងព្យុងយ៉ាងអាចចូលក្នុងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូជាមួយទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌​មានយ៉ុនហាបកាល១៨ ខែសីហា បានដកស្រង់សម្តីឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក David Stilwell បាននិយាយថាស អាមេរិក បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាស្តីពីកម្មវិធីបរមាណូឡើងវិញជាមួយប្រទេសកូរ៉េខាងជើងទាំងនោះជាគោលដៅ​របស់ប្រធានាធិបតីអាមេរិក​។ លោកដូណាល់ ត្រាំ និងលោក គីមជុងអ៊ុនបានចេញសេចក្តីប្រកាសរួម​ស្តីពីកិច្ចពិភាក្សាឈានទៅរកការរំសាយអាវុធបរមាណូនៅក្នុងកិច្ចប្រជុំលើកដំបូង នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០១៨ ។

អ្នកការទូតរូបនេះក៏បានសង្កត់ធ្ងន់ថា  អាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនិងដៃគូជាពិសេសកូរ៉េខាងត្បូងនិងជប៉ុន ដើម្បីឯកភាពគ្នាទៅលើ​ការដាក់ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង​។

សារព័ត៌មាន យ៉ុនហាប់ បានផ្សាយថា មន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៨ ខែកញ្ញា បានបញ្ចាក់ថា កូរ៉េទាំងពីរអាចពិភាក្សាគ្នាអំពីវិធីកាត់បន្ថយភាពតានតឹងផ្នែកយោធាក្នុងគោលបំណងដើម្បីបង្កើតទំនុកចិត្តដល់ទីក្រុងព្យុងយ៉ាង មុនពេលចូលរួម​កិច្ចពិភាក្សា​ជាមួយវ៉ាស៊ីនតោន។

កូរ៉េខាងជើង ក្រោមការដឹកនាំរបស់ លោក គីម ជុងអ៊ុន បានផ្តោតសំខាន់ទៅលើវិស័យ​សេដ្ឋកិច្ច ដោយលោកចង់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសនេះឲ្យកាន់តែរីកចំរើន ជួយដល់ជីវភាព​រស់នៅរបស់ពលរដ្ឋ រួចផុតពីភាពក្រីក្រ​។ ទន្ទឹមនិងនោះ​មេដឹកនាំកូរ៉េខាងជើងក៏​ មិនបង្អាក់​កម្មវិធីផលិតអាវុធ របស់ខ្លួននោះដែរ ដើម្បីរារាំង រាល់ការប៉ុនប៉ងឈ្លានពានពីសត្រូវ ។

មេដឹកនាំគីម ជុងអ៊ុន ធ្លាប់បានលើកឡើង នៅមុនកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក នៅទីក្រុងហាណូយប្រទេសវៀតណាម​ថា​​ លោក​ មិនចង់ឲ្យ អម្រែកបរមាណូ ដ៏ធ្ងន់នេះត្រូវបន្តធ្លាក់ទៅលើជំនាន់ក្រោយ ទៀតឡើយ។  លោកគីម ជុងអ៊ុន បានបង្ហាញពីសុឆន្ទះក្នុងការបោះបង់អាវុធបរមាណូ បើ មានការធានាដល់សន្តិសុខកូរ៉េខាងជើង។

រយៈពេលកន្លងមក កូរ៉េខាងជើងនៅតែបន្តកម្មវិធីបរមាណូរបស់ខ្លួនដដែល ហើយបានបង្កើនចំនួនក្បាល់គ្រាប់បរមាណូ កាន់តែច្រើនឡើង​។ តាមរបាយការណ៍របស់​ SIPRI កូរ៉េខាងជើងនឹងមានក្បាលគ្រាប់បរមាណូចំនួន ៤០គ្រប់ នៅឆ្នាំ២០២០។

អ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុម Stockholm ហៅកាត់ថា (SIPRI) បានប៉ាន់ស្មានថា កូរ៉េខាងជើង អាចបង្កើនឃ្លាំងអាវុធបរមាណូទ្វេដងនៅឆ្នាំក្រោយ។

លោក Dan Smith អ្នកឯកទេសមកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុមបានព្យាករណ៍ថាទី ក្រុងព្យុងយ៉ាង នឹងមានក្បាលគ្រាប់បរមណូចាប់ពី ៣០ ទៅ ៤០គ្រាប់ នៅឆ្នាំ ២០២០ ។ តាមរបាយការណ៍ SIPRI កាលពីមុនធ្លាប់បានបង្ហាញថាកូរ៉េខាងជើងមានក្បាលគ្រាប់ពី ២០ ទៅ ៣០ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួនពោលគឺកើនឡើងពី ១០ ទៅ ២០គ្រាប់ ក្នុងឆ្នាំ ២០១៨ ។ ដូច្នេះការប៉ាន់ស្មានរបស់លោក Dan Smith បង្ហាញថាទីក្រុងព្យុងយ៉ាងមាន ការអភិវឌ្ឍឥតឈប់ឈរនៃអាវុធបរមាណូ នៅក្នុងពេលដែលការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរស្របគ្នាជាមួយសហរដ្ឋអាមេរិកកំពុងធ្វើឡើងព្រមគ្នា។

លោកស្រី​ Shannon Kile អ្នកឯកទេសលំដាប់ពិភពលោកស្តីពីអាវុធបរមាណូ របស់កូរ៉េខាងជើងមកពី​ SIPRI បាននិយាយទៅកាន់ទស្សន៍ជាតិស៊ុយអ៊ែត SVT ថា​«មានចំណុចជាច្រើនយើងមិនប្រាកដ​ មិនច្បាស់លាស់ ពាក់ព័ន្ធកម្មវិធីបរមាណូរបស់កូរ៉េខាងជើង» ។

លោក Dan Smith បាននិយាយថាដំបូងទីក្រុង វ៉ាស៊ីនតោន និងព្យុងយ៉ាង ចាំបាច់ត្រូវយល់ព្រមលើវិធីកំណត់លក្ខខណ្ឌ និយមន័យនៃការរំសាយអាវុធនុយក្លេអ៊ែរ គឺជាបញ្ហាចំបងដែលត្រូវដោះស្រាយព្រោះវាមិនត្រឹមតែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែវាក៏ជាបញ្ហានយោបាយផងដែរ។

ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួនស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនជាការប្រកួតប្រជែងអាវុធ។ កន្លងម​កសារព័ត៌មាន Rodong Sinmun របស់កូរ៉េខាងជើងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចដោយអះអាងថាវាជាការប្តេជ្ញារបស់បក្ស និងមេដឹកនាំ​នៅក្នុងការកសាងសេដ្ឋកិច្ចរីកចំរើន ។បច្ចុប្បន្នកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាសកលយ៉ាងតឹងបំផុត នៅក្នុងប្រវត្តិសាស្ត្របន្ទាប់ពីការធ្វើតេស្តអាវុធបរមាណូឆ្នាំ ២០១៧ ។ យោងតាមរបាយការណ៍របស់ SIPRI ថ្មីៗនេះបណ្តាប្រទេសដូចជាប៉ាគីស្ថានចិនឥណ្ឌានិងអ៊ីស្រាអែលក៏បានបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរផងដែរកាលពីឆ្នាំ២០១៨៕


ចែករំលែក៖