ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅមុខក្លោងទ្វាវត្តហា ក្រោយពីត្រូវរថយន្ដដឹកទំនិញមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូអូសជាង១០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរកាលពីវេលាម៉ោង៩ និង ០០ នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ត្រង់ចំនុចមុខក្លោងទ្វាវត្តហា ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ពិសិដ្ឋ សាមី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ និងស្នាក់នៅបន្ទប់ជួល នៅម្តុំរោងចក្រកាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានត្រលប់មកលេងកូននៅឯស្រុកកំណើតរបស់ប្រពន្ធគាត់នៅស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY -6204 លុះដល់ចំនុចកើតហេតុជនរងគ្រោះបាន បត់ឆ្លងផ្លូវបម្រុងទៅផ្លូវទំនប់៧មករា ស្រាប់តែពេលនោះក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-4350 បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតបានជ្រុលចង្កូតទៅ បុកម៉ូតូពេញទំហឹង រួចអូសជាង១០០ម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបង្កខាងលើបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចទទួលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ ។ ចំណែក សពសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ