ខេត្តស្វាយរៀង៖ បុរសបុគ្គលិកកាស៊ីណូ២នាក់ បានរងរបួសធ្ងន់ទាំងសងខាង បន្ទាប់ពីស្ទុះទៅយកបំពង់ទីបវាយ និងយកកាំបិតប៉័ងតោកាប់គ្នា គ្រាន់តែមានជម្លោះពាក្យសំដីគ្នាបន្តិចបន្តួចជាមួយមិត្តរួមការងារម្នាក់ផ្សេងទៀត ហើយចូលទៅសួរនាំរកហេតុផល ក៏ផ្ទុះហិង្សាបែបនេះតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅអាគារកាសុីណូមួយកន្លែង នៅភូមិបាវិតកណ្ដាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានបង្ហើបឲ្យដឹងថា បុរសទាំង២ដែលរងរបួសទាំងសងខាងមានឈ្មោះអុឹង សេងតុង អាយុ២០ ជនជាតិខ្មែរ បុគ្គលិកកាសុីណូ ផ្នែកចែកបៀរ មានទីលំនៅភូមិ១០សង្កាត់ផ្សារដេប៉ូ៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញដោយរងរបួសត្រូវកាំបិតបាំងតោកាប់ចំក្បាល និងឈ្មោះ ទុំ រដ្ឋា អាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរ បុគ្គលិកកាសុីណូ ផ្នែកសណ្ឋាគារ មានទីលំនៅភូមិ សំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះដោយរងរបួសត្រូវបំពង់ទីបចំក្បាល ។
បើតាមសមត្ថកិច្ចបានបន្ថែមថាដើមហេតុមុនដំបូងដែលបង្កឲ្យមានការប្រើហឹង្សាគឺបុរសឈ្មោះអុឹងសេងតុង មានជម្លោះពាក្យសំដីជាមួយមិត្តរួមការងារម្នាក់ទៀតមានឈ្មោះចាវ ជាបុគ្គលិកកាសុីណូផ្នែកសណ្ឋាគារបន្ទាប់ពីលឹសូមាត់ខ្លាំងទៅខ្លាំងមកទើបបុរសឈ្មោះទុំ រដ្ឋា ក៏បានដើរមកជិត និងបានសួរនាំរកហេតុផលទើបឈ្លោះគ្នាបែបនេះ ខណៈនោះស្រាប់តែឈ្មោះអុឹង សេងតុង ខឹងស្មានតែនិយាយកាន់ជើងគូជម្លោះ ក៏ស្ទុះទៅយកបានបំពង់ទីបមកវាយត្រូវចំក្បាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសទើបឈ្មោះ រដ្ឋា ខឹង ក៏រត់ទៅយកបានកាំបិតបាំងតោកាប់ទៅលើវិញ ត្រូវមួយកាំបិតចំក្បាលលើគុម្ពត្រចៀកខាងស្ដាំ ទើបបង្កការភ្ញាក់ផ្អើលដល់បុគ្គលិករួមការងារនាំគ្នារត់ចូលទៅចាប់ឃាត់ និងបញ្ជូនយកទៅសង្គ្រោះនៅគ្លីនិកឯកជនរៀងៗខ្លួនផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងបាវិតកំពុងសាកសួរហេតុផល រកខុសរកត្រូវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន