ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការ២យប់៣ថ្ងៃរបស់សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចថៃរុករកពលរដ្ឋ២នាក់បាត់ខ្លួនដីភ្នំធ្លាក់សង្កត់ ពេលមានភ្លៀងធ្លាក់នៅស្រុកសំឡូតបានរកឃើញជនរងគ្រោះ១នាក់ នៅមានជីវិត ប៉ុន្តែទទួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ពីស្រុកសំឡូតឲ្យដឹងថាប្រតិបត្តិការ២យប់៣ថ្ងៃរបស់សមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចថៃរុករកពលរដ្ឋ២នាក់បាត់ខ្លួនដីភ្នំធ្លាក់សង្កត់​ ពេលមានភ្លៀងធ្លាក់ខ្លាំង​ នៅស្រុកសំឡូត​ ជនរងគ្រោះ១នាក់ត្រូវបានរកឃើញ នៅមានជីវិត​ ប៉ុន្តែទទួលរងរបួសធ្ងន់ ។ ការរកឃើញ​កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងទឹកដីថៃ ដែលជនរងគ្រោះគេចពីការបាក់ដីភ្នំនិងបានធ្លាក់ចូលជ្រលងអូរភ្នំ ។ ​ ជនរងគ្រោះត្រូវបានសមត្ថកិច្ចសែងមកចូលភូមិដើម្បីដឹកតាមរថយន្តសង្រ្គោះបញ្ជូនទៅសង្រ្គោះ​ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ដោយឡែកជនរងគ្រោះ១នាក់ទៀតមិនត្រូវបានរកឃើញនៅឡើយនោះទេ សមត្ថកិច្ចបន្តរុករក ។

អភិបាលរងខេត្តបាត់ដំបង លោក ហឿង សុគន្ធ ដែលបានចូលរួមដឹកនាំកម្លាំងផ្ទាល់ ក្នុងការរុករកជនរងគ្រោះបាត់ខ្លួននៅស្រុកសំឡូត ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ជនរងគ្រោះដែលរកឃើញមានឈ្មោះ ឆាង កុយ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះ រកឃើញធ្លាក់ចូលជ្រលងអូរភ្នំនៅក្នុងទឹកដីថៃ ។ អការជនរងគ្រោះអាចនិយាយបានខ្សៀវៗ ។

អភិបាលរងខេត្តបាត់ដំបងលោក ហឿង សុគន្ធ ប្រាប់ឲ្យដឹងទៀតថា ប្រតិបត្តិការុករកជនរងគ្រោះបាត់ខ្លួនកម្លាំងសមត្ថកិច្ចកម្ពុជាចម្រុះសហការជាមួយសមត្ថកិច្ចថៃ រួមនិងអ្នកភូមិ អូរត្រែងបានធ្វើឡើងជាបន្តបន្ទាប់ក្រោយពីមានការបាត់ខ្លួនជនរងគ្រោះទាំង២នាក់នោះមក ។

លោកប្រាប់ឲ្យដឹងទៀតថា ការរុកនៅកន្លែងកើតហេតុសមត្ថកិច្ចចម្រុះស្រាវជ្រាវបានឃើញមានធំក្លិនស្អុយ និងរុយរោមប៉ុន្តែមិនទាន់ហ៊ានសន្និដ្ឋានថាជាក្លិនសាកសពជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួនមិនទាន់រកឃើញថាស្លាប់រឺរស់យ៉ាងណានោះទេ ។ សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវស្វែងរកជនរងគ្រោះនោះម្នាក់ថែមទៀត ។

សូមញ្ជាក់ថា មុន១ថ្ងៃឈានទៅដល់ការរកឃើញជនរងគ្រោះ១នាក់ក្នុងចំណោម២នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញាសមត្ថកិច្ចនិងអ្នកភូមិបានរកឃើញ មួកនិងស្បែកជើងមួយគូរបស់ជនរងគ្រោះ ។ ជនរងគ្រោះ២នាក់បាត់ខ្លួនក្នុងចំណោមអ្នកឡើងលើភ្នំមានគ្នា៧នាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានឡើងលើភ្នំចំណុច ពាមតា ស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ដើម្បីរកវល្លិ៍និងបរបាញ់សត្វ ខណៈប្រជាពលរដ្ឋទាំង៧នាក់កំពុងនាំគ្នាអង្គុយអាំងភ្លើងដែលមានភ្លៀងធ្លាក់ខ្លាំងច្រោះទឹកបណ្តាលឲ្យបាក់ដីភ្នំពីផ្នែកខាងលើមកក្រោមនាំពួកគេទាំង៧នាក់រត់គេចខ្លួន ។ ប៉ុន្តែនៅពេលនោះមានពលរដ្ឋ៥នាក់បានគេចខ្លួនដោយសុវត្ថិភាពគ្រាន់តែមានម្នាក់ប៉ុណ្ណោះបានរងរបួសដោយឡែក២នាក់ផ្សេងទៀតបាត់ខ្លួន ។

បច្ចុប្បន្នក្នុងចំណោមជនរងគ្រោះទាំង២នាក់បានឃើញជនរងគ្រោះ១នាក់ដោយឡែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ផាន់ វី ភេទប្រុស អាយុ២០ឆ្នាំ មិនទាន់រកឃើញនៅឡើយនោះទេ ពួកគេរស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ៕ សំ វិច្ឆិកា


ចែករំលែក៖