ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមអវកាស កាន់តែខិតជិត បណ្តាប្រទេសមហាអំណាច​បង្កើតកម្លាំងការពារអវកាស

ចែករំលែក៖

កន្លងមកថ្មីៗ ប្រទេសជប៉ុនបានប្រកាសបង្កើតកម្លាំង ការពារអវកាស ដោយតាមដាននិងការពាររាល់ផ្កាយរណបរបស់ជប៉ុន ធ្វើគោចរណ៍នៅតារាវិថីផែនដី។ ប្រព័ន្ធផ្កាយរណបបានដើរតួនាទីយ៉ាងសំខាន់ក្នុងសម័យកាលបច្ចេកវិទ្យាទំនើប  ហើយបើផ្កាយរណបរងការបំផ្លាញរាល់ប្រព័ន្ធនានា ត្រូវជាប់គាំង​ទាំងស្រុង​។ ចំណុចទាំងនោះហើយទើបប្រទេសមហាអំណាច បានបង្កើនកម្លាំងអវកាស និងទីបញ្ជាការអវកាសដើម្បីការពារផលប្រយោជន៍របស់ខ្លួន​។

នៅពេលនេះដែរ សហរដ្ឋអាមេរិក បង្កើតសម្ពន្ធភាពអវកាស ដើម្បីការពារបណ្តាញផ្កាយរណប ប្រឆាំង រុស្ស៊ីនិងចិន។ទីបញ្ជាការអវកាសអាមេរិក បានប្រកាសថាខ្លួនកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបង្កើនការការពារបណ្តាញផ្កាយរណបពីការវាយប្រហារ របស់សត្រូវ ក្នុងនោះមានចិន និងរុស្ស៊ី​ជាដើម។

ថ្លែងនៅក្នុងសន្និសីទ នៅរដ្ឋ Maryland នាថ្ងៃទី ១៩ ខែកញ្ញា លោកឧត្តមសេនីយ៍ John Raymond មេបញ្ជាការអវកាសអាមេរិក (USSPACECOM) បានថ្លែងថា សហរដ្ឋអាមេរិក កំពុង​ធ្វើការ​យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តស៊ើបការណ៍សម្ងាត់ទាំង ៥ (ភ្នែកទាំង ៥ ​Five Eyes) រួមមានអាមេរិក អង់គ្លេស កាណាដា ញូវហ្សឺឡែន និងអូស្ត្រាលី​។ ក្រៅពីនេះនៅមានសម្ព័ន្ធភាព ជាមួយ អាល្លឺម៉ង់ បារាំង ជប៉ុន ​ ក្នុងការចែករំលែកទិន្នន័យនិងសេវាកម្មអវកាស។

នេះជាសុន្ទរកថាដំបូងរបស់លោក រ៉ាយម៉ុន (Raymond)ចាប់តាំងពីចូលកាន់តំណែង មេបញ្ជាការអវកាស USSPACECOM ដែលបានបង្កើតឡើងកាលពីខែសីហា។ ឧត្តមសេនីយ៍ Raymond បាននិយាយថាលោកមានផែនការជួយធានាសុវត្ថិភាពដល់ផ្កាយរណប រលកធាតុអាកាសខ្នាតតូច រាប់រយ ដែលប្រឈមនឹងហានិភ័យនៃការវាយប្រហាររបស់រុស្ស៊ីនិងចិន។ ទោះយ៉ាងណាលោកមិនបានបញ្ជាក់លម្អិតពីគម្រោងសំងាត់នេះឡើយ។

ប្រធាន USSPACECOM ក៏បានលើកឡើងពីសន្ធិសញ្ញាអវកាសដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៦៧ ដោយហាមឃាត់ការដាក់អាវុធប្រល័យលោកនៅក្នុងគន្លង គោចរ ផែនដីប៉ុន្តែមិនមានបទប្បញ្ញត្តិហាមឃាត់ការអភិវឌ្ឍអាវុធប្រឆាំងផ្កាយរណបនោះឡើយ។ ឧត្តមសេនីយ៍ Raymond បានមានប្រសាសន៍ថា“ ដូច្នេះ USSPACECOM ផ្តោតលើការធានាការការពារ ផ្កាយរណបទាំងអស់​” ។

លើសពីនេះទៀត USSPACECOM បានធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយចំនួនរបស់អាមេរិករួមទាំង Blue Origin និង SpaceX ដើម្បីស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាបាញ់បង្ហោះផ្កាយរណបថ្មីទៅកាន់គន្លងគោចរផែនដី ក្នុងរយៈពេល ២៤ ម៉ោងប្រសិនបើ សត្រូវបំផ្លាញផ្កាយរណបដែលមានស្រាប់នៅលើអាកាស។ ទំាងនោះមានន័យ រាល់ប្រព័ន្ធផ្កាយរណប់អាមេរិក​​ ដែលរងការវាយប្រហារបំផ្លាញ​អាចនឹងត្រូវ​ជំនួសវិញដោយផ្កាយរណប់ថ្មី ក្នុងរយៈពេល​២៤ម៉ោងតែប៉ុណ្ណោះ ៕


ចែករំលែក៖