រដ្ឋាភិបាលប៉ាគីស្ថានបានចាត់វិធានការ កម្ចាត់មូស ខ្លាដែលបង្កឲ្យកើតជំងឺគ្រុនឈាមជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ។ តាមរបាយការណ៍ជំងឺគ្រុនឈាមបានឆក់យកជីវិតពលរដ្ឋប៉ាគីស្ថានយ៉ាងតិច១៦នាក់ និង៩ ៦៣៤នាក់ផ្ទុកនូវជំងឺមួយនេះ ។
មន្ត្រីសុខាភិបាលប៉ាគីស្ថានបានថ្លែងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថា ជំងឺគ្រុនឈាមបានចម្លងរាលដាល និងសម្លាប់ពលរដ្ឋអស់១៦នាក់ហើយ និង៩ ៦៣៤នាក់ផ្សេងទៀតបានឆ្លងគិតក្នុងឆ្នាំ២០១៩នេះ ។
ប្រភពបញ្ជាក់ថា គ្រាន់តែខេត្តភាគខាងត្បូង Sindh មានករណីជំងឺគ្រុនឈាមនេះ២ ១៣២នាក់, ខេត្ត Punjab ភាគខាងកើតរបស់ប៉ាគីស្ថាន មាន ២ ៨១៦ករណីគ្រុនឈាម, ខេត្ត Balochistan ភាគនិរតី ១ ៧៧២ករណី, ខេត្ត Khyber Pakhtunkhwa ភាគពាយព្យ ១ ៦១២ករណី, រដ្ឋធានីអិស្លាម៉ាបាដ ១ ២១០ករណី និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន មានផ្ទុះជំងឺគ្រុនឈាម៩២ករណីផងដែរ ។
ក្នុងចំណោមអ្នកជំងឺគ្រុនឈាមទាំងនោះ ៨នាក់បានបាត់បង់ជីវិតនៅក្នុងខេត្ត Sindh, នៅខេត្ត Balochistan ស្លាប់៣នាក់, ទីក្រុងអិស្លាម៉ាបាដ ស្លាប់៣នាក់ និងខេត្ត Punjab ស្លាប់២នាក់ ។
មន្ត្រីពាក់ព័ន្ធនៅក្នុងប្រទេសនេះ ក៏បានចាត់វិធានការសម្អាត និងកម្ចាត់ទីជម្រកបង្កើតសត្វមូស ដែលជាប្រភពចម្លងនៃជំងឺគ្រុនឈាមផងដែរ ។
ស្ថិតិរបស់មន្ត្រីប៉ាគីស្ថាន តាំងពីឆ្នាំ២០១០រហូតមក ប៉ាគីស្ថានមានជំងឺគ្រុនឈាមនេះជាង ៦០ ០០០ករណី ក្នុងនោះ ៣៥០ករណីបានស្លាប់នៅទូទាំងប្រទេស ៕