ព័ត៌មានទាន់ហេតុការណ៍៖

ចិនជួយគ្រប់ប្រទេសទាំងអស់​ ដោយមិនបានអូសទាញប្រទេសណាមួយ ជាប់អន្ទាក់បំ​ណុល​ឡើយ

ចែករំលែក៖

បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ចិនថា កំពុងតែអូសទាញប្រ​ទេសមួយចំនួន​ឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល  ក្នុងនោះមានប្រទេសម៉ាឌីវជាដើម ។ ពេលថ្មីៗនេះ រដ្ឋមន្ត្រី​ការ​បរទេសចិនលោក វ៉ាង យី (Wang Yi) បានបញ្ជាក់ជាថ្មីឡើងវិញថា ប្រទេសម៉ាល់​ឌីវមិនមែនកំពុងជាប់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះទេ ខណៈប្រទេសក្នុងតំបន់​សមុទ្រ​ឥណ្ឌាមួយនេះ កំពុងជំពាក់បំណុលទីក្រុងប៉េកាំងជាង ៣ពាន់លានដុល្លារ។

ព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដកស្រង់សម្តីលោក វ៉ាង យី ធ្វើឡើងនៅក្នុងជំនួបជាមួយសមភាគីម៉ាល់ឌីវ លោក អាប់ឌុលឡាហ៍ ហ្សាហ៊ីដ (Abdulla Shahid) នៅឯទីក្រុងប៉េកាំង នៅថ្ងៃសុក្រ​សប្ដាហ៍នេះ។ នាឱកាសនោះដែរលោកប្រមុខការទូតចិន បានលើកឡើង​យ៉ាងដូច្នេះ​ថា «កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយម៉ាល់ឌីវ គឺមានគោលដៅជួយលើកម្ពស់សុខ​មាលភាពប្រជាជនម៉ាល់ឌីវ ដោយគ្មានបង្កប់ចេតនានយោបាយ និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយឡើយ… ពោលគឺចិនផ្ដល់ជំនួយដោយគ្មានលក្ខខណ្ឌ ហើយមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ម៉ាល់ឌីវឡើយ… ដូច្នេះគ្មានមូលដ្ឋាន ឬហេតុផលណាមួយថា ម៉ាល់ឌីវកំពុងជាប់ក្នុងអន្ទាក់បំណុលរបស់ចិននោះទេ»។

គួរជម្រាបថា បច្ចុប្បន្នចិនត្រូវបានបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា កំពុងប្រើប្រាស់ជំនួយដល់ប្រទេសតូចៗនានានៅលើពិភពលោកជា «អន្ទាក់បំណុល»។ ប៉ុន្តែទីក្រុងប៉េកាំងបានទាត់ចោលរាល់ការចោទប្រកាន់ទាំងនេះ ដោយអះអាងថា ជំនួយរបស់ខ្លួនធ្វើឡើងដោយគ្មានលក្ខខណ្ឌនយោបាយអ្វីទាំងអស់ ហើយសន្យានឹងផ្ដល់ជំនួយទៅគ្រប់ទីកន្លែង ដែលប្រទេសលោកខាងលិចមិនរវីរវល់៕


ចែករំលែក៖