ព័ត៌មានទាន់ហេតុការណ៍៖

មេភេរវករ សោម ឯក  ត្រូវតុលាការលើកយកសំណុំរឿងឧក្រិដ្ឋមួយករណីទៀតមកកាត់ទោស នៅថ្ងៃទី២៣ ខែកញ្ញានេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ទណ្ឌិតជន សោម ឯក ជាមេភេរវករមួយរូប ដែលកំពុងអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារ៤៦ឆ្នាំនោះ ត្រូវតុលាការលើកយកមកកាត់ទោសសំណុំរឿងឧក្រិដ្ឋមួយករណីទៀត តាមសេចក្ដីសម្រេចរបស់តុលាការជាច្រើនសំណុំរឿងបទឧក្រិដ្ឋ ។

ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា លោកចៅក្រម យិន សារឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងដឹកនាំការកាត់ទោសទណ្ឌិត សោម ឯក នាព្រឹកថ្ងៃច័ន្ទ ទី២៣ ខែកញ្ញានេះ។ ចំពោះសំណុំរឿងដែលតុលាការលើកយកមកកាត់ទោសសោម ឯក គឺបទល្មើសប្លន់ដោយប្រើដាវ ដើម្បីពិឃាដជនរងគ្រោះ តែជនរងគ្រោះមិនស្លាប់។ ប្រសិនបើតុលាការរកឃើញកំហុសថា ជនជាប់ចោទបានប្រព្រឹត្តនូវអំពើប្លន់នោះមែន នោះតុលាការនឹងផ្ដន្ទាទោសបន្ថែមទៀត។

បច្ចុប្បន្ននេះ ទណ្ឌិតសោម ឯក ត្រូវបានអនុវត្តទណ្ឌកម្មទោសរយៈពេល៤៦ឆ្នាំ ដោយការប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាច្រើនដូចជា ចូលរួមក្នុងចលនាតស៊ូក្បាលខ្លា បទល្មើសភេរវកម្ម ដាក់គ្រាប់បែកបំផ្ទុះស្តូបមិត្តភាពកម្ពុជា-វៀតណាម។ ករណីដាក់គ្រាប់បែកនៅមុខក្រសួងការពារជាតិ និងអំពើល្មើសហែកគុករត់ជាដើម។

គួររំលឹកថា ទណ្ឌិតសោម ឯក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ក្រោយពេលលួចរត់បានសម្រេចចេញពីពន្ធនាគារ។

លោកសោម ឯក បានលួចរត់ពីការជាប់ពន្ធនាគារកាលពីយប់ ថ្ងៃទី០៨តុលា ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែត្រូវចាប់ខ្លួនវិញនៅ ថ្ងៃទី២៦តុលា នៅខេត្តសៀមរាប៕ស តារា


ចែករំលែក៖