ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត មីស៊ុយមីសុី បើកបុកម៉ូតូបុរសសន្តិសុខម្នាក់​ បណ្ដាលឲ្យរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខត្រូវរថយន្តបុកពីរមុខពេញទំហឹង និងអូសជាង១០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ភា អាយុ៣៥ឆ្នាំ មុខរបរជាសន្តិសុខ KTV J នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើដែលជាសន្តិសុខបានសេរ៉េរថយន្តខាងលើនៅមុខ KTV J ស្រាប់តែបុរសខាងលើបើករថយន្តម៉ាកមីស៊ុយមីសុី ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1AA-4029 ច្រឡំជាន់ហ្គា ស្មានតែហ្វ្រាំង ក៏ជ្រុលមកបុកម៉ូតូមួយគ្រឿង និងបុរសជាសន្តិសុខពេញទំហឹង បណ្ដាលជនរងគ្រោះខ្ទាត រងរបួសធ្ងន់ ភ្លាមៗអ្នកបើករថយន្តបង្កខាងលើ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន និងបានប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ​ ។ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្រ្គោះនៅមន្ទីរពេទ្យខ្មែរ-សូវៀត​។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ សរស្មី


ចែករំលែក៖