ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុគ្គលិកហាងខារ៉ាអូខេយីហោ ពន្លឺដួងចិត្ត ផ្លូវលេខ២០០៤ ក្រោយបន្លំចូលហាងកោសជប់លួចម៉ូតូ១គ្រឿងបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពចូលក្នុងហាងកោសជប់ផ្លូវលេខ២០០៤ រួចបន្លំលួចយកម៉ូតូ១គ្រឿងបានសម្រេច ហើយនាំគ្នាគេចខ្លួនបាត់មួយថ្ងៃ ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងខារ៉ាអូខេមួយកន្លែងយីហោពន្លឺដួងចិត្ត ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីរូបគេនិងបក្ខពួកប្រព្រឹត្តិបទល្មើសលួចម៉ូតូ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៣០នាទីរសៀល ត្រង់ចំណុចក្នុងហាងកោសជប់ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ អ៊ុន ចិន ហៅស្វាត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរហៅភ្ញៀវខារ៉ាអូខេ ស្នាក់នៅក្នុងហាងខារ៉ាអូខេពន្លឺដួងចិត្តផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួនថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង៩និង៣០នាទីព្រឹក) ។ ទី២ឈ្មោះ គរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (គេចខ្លួន) ។ និងទី៣ឈ្មោះ វង្ស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិត (គេចខ្លួន) ។

សម្ភារបាត់បង់៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 0068 មិនចាំអក្សរ ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការ ចាត់ការតាមច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖