ព័ត៌មានទាន់ហេតុការណ៍៖

ទាហានការពារដែនសមុទ្រឥណ្ឌា ចាប់បានគ្រឿងញៀនជាង ១តោន

ចែករំលែក៖

គ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស កំពុងតែចរាចរនៅគ្រប់ទិសទី ពិសេសនៅក្នុងតំបន់អាស៊ី ។ ពេលថ្មីៗនេះ ឆ្មាំការពារដែនសមុទ្ររបស់ឥណ្ឌា បានចាប់ខ្លួនបុរសជនជាតិភូមាចំនួន៦នាក់ និងរឹបអូសបានថ្នាំ ketamine មានតម្លៃ៤២លានដុល្លារអាមេរិក បន្ទាប់ពីចាប់នាវាមួយគ្រឿង នៅក្នុងមហាសមុទ្រឥណ្ឌា ក្បែរកោះ Nicobar ។

ក្រសួងការពារជាតិឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយថា ការដឹកជញ្ជូនគ្រឿងញៀន មានទម្ងន់១១៦០គីឡូក្រាម បានកើតឡើង បន្ទាប់ពីយន្តហោះរបស់ឆ្មាំសមុទ្រមួយគ្រឿង បានចេញប្រតិបត្ដិការ ហើយឃើញនាវាមួយគ្រឿងគួរឲ្យសង័្សយ។ ប៉ុន្ដែនៅពេលសមត្ថកិច្ចស្ទាក់ចាប់នាវានោះ ក៏ឆែកឃើញគ្រឿងញៀន មានទម្ងន់ជាង១តោន។

ក្រសួងការពារជាតិឥណ្ឌា បានបន្ថែមថា «ការវិភាគបឋម…បានបង្ហាញថា សារធាតុដែលសង័្ស​​យនោះ គឺជាខេតាមីន (ketamine)  មានចំនួន១១៦០កញ្ចប់ ហើយក្នុង១កញ្ចប់មានទម្ងន់១គីឡូក្រាម»។ ជាមួយគ្នានេះដែរ បុរសជាជនជាតិភូមិ នៅលើនាវាទាំង៦នាក់ និងវត្ថុតាង ក៏ត្រូវសមត្ថកិច្ចឥណ្ឌាចាប់។

ជនសង័្សយ បានអះអាងថា ពួកគេបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកញ្ញា ហើយគ្រោងនឹងរៀបចំប្រតិបត្តិការ នៅក្បែរខ្សែព្រំដែនសមុទ្រ រវាងប្រទេសថៃ – ម៉ាឡេស៊ី។ ប៉ុន្ដែនាវារបស់ពួកគេ ក៏ត្រូវសមត្ថកិច្ចឥណ្ឌាចាប់តែម្ដង។ រីឯគ្រឿងញៀនទាំងនេះ ពួកគេបាននាំចេញពីតំបន់ត្រីកោណមាស។

សូមជម្រាបថា តំបន់ត្រីកោណមាសនេះ គឺជាចំណុចមួយ នៃព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ។ នៅក្នុងតំបន់នោះ គឺជាកន្លែងផលិតគ្រឿងញៀនដ៏ធំបំផុតលំដាប់លេខ២របស់ពិភពលោក បន្ទាប់ពីអាមេរិកឡាទីន។ គ្រឿងញៀនមួយចំនួនធំ ដូចជា ហេរ៉ូអ៊ីន និង មេតំហ្វេតាមីន ត្រូវបានគេរកឃើញ នៅក្នុងមន្ទីរពិសោធន៍ នៅក្នុងព្រៃដាច់ស្រយាល ហើយត្រូវរត់ពន្ធឆ្លងកាត់ទូទាំងទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀតផងដែរ៕


ចែករំលែក៖