ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីប ប្រឈមវិបត្តិសារជាថ្មី ក្រោយក្រុមបាតុករទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង

ចែករំលែក៖

ស្ថានភាពនយោបាយនៅក្នុងប្រទេសអេហ្ស៊ីបកំពុងឆ្ពោះទៅរកភាពតានតឹងក្រោយពេលបាតុ​កម្មប្រឆាំងរដ្ឋាភិបាល​ដ៏កម្រ​បានកើតឡើង​នៅតាមទីក្រុងជាច្រើន​របស់​អេហ្ស៊ីប អំពាវនាវ​ប្រ​ធានាធិបតី អាបដេល ហ្វេតតា អេល ស៊ីសស៊ី ( Abdel-Fattah el-Sissi) ចុះចេញពីតំណែង​។ បាតុកម្មនៅតាមដងផ្លូវតូចៗ​​ ក៏ត្រូវបានបំបែក​យ៉ាងឆាប់រហ័ដ​ដោយកងកម្លាំងប៉ូលិស​ ដោយប្រើឡានបាញ់ទឹក និងឧស្ម័ន​បង្ហូរទឹកភ្នែក ។

បើតាម​មជ្ឈមណ្ឌលសិទ្ធិ​ សេដ្ឋកិច្ច និងសង្គម​ អេហ្ស៊ីបបញ្ជាក់ថា មនុស្សរាប់សិបនាក់​ត្រូវចាប់ខ្លួន ក្នុងនោះ​មានអ្នកកាសែត២នាក់ផងដែរ ។ ប៉ុន្តែមិនមាននរណាម្នាក់បាត់បង់ជីវិត​ត្រូវរាយការណ៍​នោះទេ ។

លោក អេល ស៊ីសស៊ី អតីត​ជាអគ្គមេបញ្ជាការ​យោធា ដែលត្រូវបានគេមើលថា ជាអ្នកបានបង្ក្រាប​​​លើអ្នកនយោបាយ​អេហ្ស៊ីបមិនធ្លាប់មានពីមុន​មក ។ ការបំបិទមាត់​របស់អ្នកប្រឆាំង ក៏ដូច​ដាក់​គុក​មនុស្សរាប់ពាន់នាក់ជាដើម ។

ជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស៊ីសស៊ី បាន​ដឹកនាំកម្លាំងយោធា​ទម្លាក់​រដ្ឋាភិបាលជាប់ឆ្នោត​សាសនាអិស្លាមនិយម​របស់លោក Hosni Mubarak ក្នុងឆ្នាំ២០១៣ អំឡុងពេល​មហាបាតុកម្ម​ប្រឆាំង​ប្រធានាធិបតីដែលកាន់តំណែងបានមួយរយៈពេលខ្លី ។

បាតុកម្ម​នៅពេលនេះ ក្រុមបាតុករ​បានធ្វើឡើង​នៅទីក្រុងកៃរ៉ូ ជិតទីលាន Tahrir ទីកន្លែងមជ្ឈមណ្ឌល​កើតមានបដិវត្តន៍​អារ៉ាប់និទាឃរដូវ ទម្លាក់លោក Hosni Mubarak ក្នុងឆ្នាំ២០១១។

នៅទីក្រុងដទៃផ្សេងទៀត​ដូចជា អាឡិចសង់ទ្រៀជាដើម ក៏បាតុករផ្ទុះបាតុកម្មផងដែរ ។

កាលពីពេលថ្មីៗកន្លងមកនេះ មេដឹកនាំអេហ្ស៊ីប អេល​ស៊ីសស៊ី បានថ្លែងបដិសេធ​ដោយខឹងសម្បារ​ចំពោះការចោទប្រកាន់​មកលើរូបលោក​ប្រព្រឹត្តអំពើពុករលួយ ហើយនិងការនិយាយភូតកុហក ។

នៅពេលនេះ អាជ្ញាធរ​អេហ្ស៊ីប​នៅមិនទាន់​អត្ថាធិប្បាយ​ទាក់ទង​បញ្ហាបាតុកម្មរបស់ក្រុមបាតុករ​នៅឡើយទេ ។ លោក អេល ស៊ីសស៊ី កំពុងស្ថិតនៅទីក្រុងញូវយ៉ក ចូលរួមអង្គមហាសន្និបាតអង្គការសហប្រជាជាតិ​។

លោក អេល ស៊ីសស៊ី ត្រូវបានជ្រើសរើស​ជាប្រធានាធិបតី​អេហ្ស៊ីប​ក្នុងឆ្នាំ២០១៤ និងជាប់ឆ្នោតជាថ្មី​កាលពីឆ្នាំ២០១៨ ក្រោយ​បង្ក្រាបយ៉ាងចាស់ដៃ​ និងចាប់ដាក់គុកច្រវាក់​ ព្រមទាំងគាបសង្កត់គំរាមកំហែង​ទៅលើអ្នកប្រឆាំង​លើរូបគាត់ ។

រដ្ឋធម្មនុញ្ញា​នៅក្នុងប្រទេសនេះ​មានការកែប្រែ​អនុញ្ញាត​ឲ្យលោក ស៊ីសស៊ី កាន់អំណាចរហូតដល់ឆ្នាំ២០៣០ ។ ទោះមានការប្រឆាំងរារាំង​យ៉ាងណាក៏ដោយ ក៏មិនអាច​ធ្វើ​ឲ្យលោកស៊ីសស៊ីខកចិត្តចំពោះការគ្រប់គ្រងតាមបែបផ្តាច់ការរបស់ខ្លួន​នោះ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលអេហ្ស៊ីប ៕


ចែករំលែក៖