ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់កាន់កាំភ្លើង​AK​បាញ់ជាច្រើនគ្រាប់មកលើប្ដី​ប្រពន្ធ​សង្ស័យជារឿងគំនុំ

ចែករំលែក៖

ខេត្តកំពង់ធំ ​៖ សង្ស័យ​រឿង​គំនុំ ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​AK​មួយ​ដើម​បាន​បាញ់ប្រហារ​ទៅលើ​ប្តី​ប្រពន្ធ​កំពុង​សម្រាក​ក្នុង​តូប​លក់​ចាប់ហួយ​បណ្តាល​ឲ្យ​ប្តី​រងរបួស​ធ្លុះ​ប្រអប់ជើង​។ ហេតុការណ៍​បាញ់ប្រហារ​យ៉ាង​សហាវ​ព្រៃផ្សៃ​នោះបាន​កើតឡើង​នៅ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​នឹង​៣០​នាទី ស្ថិតនៅ​តំបន់​ទួល​ស្រឡៅ ភូមិ​ក្រញូង ឃុំ​បឹងល្វា ស្រុក​សន្ទុក ជាប់​ព្រំប្រទល់​(​ខេត្តក្រចេះ​និង​ខេត្តកំពង់ចាម​)​។​

យោងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត សំណាង ស្នងការរង​នគរបាល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ ឈ្មោះ​មាន សះ អាយុ​៤៩​ឆ្មាំ ត្រូវជា​ប្រពន្ធ ចំណែក​ប្តី​ឈ្មោះ អេ​ល រូ​ន អាយុ​៥៤​ឆ្នាំ​។​

របាយការណ៍​ដដែល​ប​ន្ត​ថា​នៅ​យប់កើតហេតុ​ជនរងគ្រោះ​កំពុង​នៅក្នុង​តូប​ស្នាក់នៅ​និង​មាន​លក់​អីវ៉ាន់​(​ចាប់ហួយ​)​ផង​ស្រាប់តែ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដើរមក​ដល់​រោង​ជនរងគ្រោះ​ពុំ​និយាយ​អ្វី​ទេ​មាន​អាវុធ​AK១​ដើម​បាន​បាញ់​ទៅលើ​ប្រពន្ធ​ចំនួន​២​គ្រាប់ តែ​ពុំ​បណ្តាល​ឲ្យ​មាន​របួស​ទេ​ពេលនោះ​ប្រពន្ធ​ក៏​ស្រែកហៅ​ប្តី​ដែល​ដេក​លើ​ធ្នើ​ពេល​ប្តី​ស្ទុះ​ចុះមក​ដល់​ជនសង្ស័យ​ក៏​បាញ់​ទៅលើ​ប្តី​១​គ្រាប់ បណ្តាល​ឲ្យ​ធ្លុះ​ប្រអប់ជើង​។ ពេលនោះ​ជនសង្ស័យ​ក៏​រត់​គេចខ្លួនបាត់​។​

យោងតាម​ការសន្និដ្ឋាន​ថា​ករណីនេះ​ដោយសារ​មាន​គំនុំ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ប៊ុនរិទ្ធី


ចែករំលែក៖