ខេត្តកំពង់ធំ ៖ សង្ស័យរឿងគំនុំ ជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងAKមួយដើមបានបាញ់ប្រហារទៅលើប្តីប្រពន្ធកំពុងសម្រាកក្នុងតូបលក់ចាប់ហួយបណ្តាលឲ្យប្តីរងរបួសធ្លុះប្រអប់ជើង។ ហេតុការណ៍បាញ់ប្រហារយ៉ាងសហាវព្រៃផ្សៃនោះបានកើតឡើងនៅកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៩នឹង៣០នាទី ស្ថិតនៅតំបន់ទួលស្រឡៅ ភូមិក្រញូង ឃុំបឹងល្វា ស្រុកសន្ទុក ជាប់ព្រំប្រទល់(ខេត្តក្រចេះនិងខេត្តកំពង់ចាម)។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងនគរបាលខេត្តកំពង់ធំបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះមាន សះ អាយុ៤៩ឆ្មាំ ត្រូវជាប្រពន្ធ ចំណែកប្តីឈ្មោះ អេល រូន អាយុ៥៤ឆ្នាំ។
របាយការណ៍ដដែលបន្តថានៅយប់កើតហេតុជនរងគ្រោះកំពុងនៅក្នុងតូបស្នាក់នៅនិងមានលក់អីវ៉ាន់(ចាប់ហួយ)ផងស្រាប់តែជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានដើរមកដល់រោងជនរងគ្រោះពុំនិយាយអ្វីទេមានអាវុធAK១ដើមបានបាញ់ទៅលើប្រពន្ធចំនួន២គ្រាប់ តែពុំបណ្តាលឲ្យមានរបួសទេពេលនោះប្រពន្ធក៏ស្រែកហៅប្តីដែលដេកលើធ្នើពេលប្តីស្ទុះចុះមកដល់ជនសង្ស័យក៏បាញ់ទៅលើប្តី១គ្រាប់ បណ្តាលឲ្យធ្លុះប្រអប់ជើង។ ពេលនោះជនសង្ស័យក៏រត់គេចខ្លួនបាត់។
យោងតាមការសន្និដ្ឋានថាករណីនេះដោយសារមានគំនុំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ប៊ុនរិទ្ធី