ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​នៅឃុំអូបីជាន់ជាង៣០គ្រួសារត្រូវអាជ្ញាធរជម្លៀសចេញពី​លំនៅឋាន​ទៅទីទួលសុវត្ថិភាព ​ក្រោយ​ទឹកជន់​លិច​ផ្ទះ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​ ​៖​ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​វត្ត​ចាស់​ ​ឃុំ​អូរបីជាន់​ ​ស្រុក​អូរជ្រៅ​ជាង៣០គ្រួសារ​ ​ក្នុងចំណោម​ពលរដ្ឋ​ជាង១០០គ្រួសារ​ ​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅ​ល្ងាច​ថ្ងៃទី២២​ ​ខែកញ្ញា​ ​ក្រោយពី​ទឹកជន់​លិច​លំនៅ​ដ្ឋាន​ពួកគាត់​។​

​លោក​ ​តុល​ ​សារិ​ន​ ​មេឃុំ​អូរបីជាន់​ ​បាន​ឲ្យដឹង​ថា​ ​ក្រោយពី​មាន​ភ្លៀង​ធ្លា​ក់​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ខាងលើ​ដែល​មាន​ទីតាំង​ជាប់​អូរ​ព្រំដែន​ផង​នោះ​ ​ងាយ​រងគ្រោះ​ ​ដែល​សរុប​ទាំង​ជាង១០០គ្រួសារ​ ​តែ​អ្នក​ដែល​ជន​លិច​ខ្លាំង​ ​ផ្ទះ​ដែល​លិច​មិន​អាច​រស់នៅ​បាន​នោះ​មាន​ប្រមាណ​ជាង៣០គ្រួសារ​ហើយ​មកទល់​នឹងល្ងាច​ថ្ងៃទី២២​ ​ខែកញ្ញា​ ​អាជ្ញាធរ​ក៏​សម្រេច​​ជម្លៀស​ពួកគាត់​ចេញ​។​

​បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា​ ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ ​មានការ​លិចលង់​ ​និង​ជម្លៀស​ទៅ​រក​ទីទួល​សុ​វត្ថិភាព​ផង​នោះ​ ​លោក​ ​អ៊ុំ​ ​រាត្រី​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​បាន​ចុះ​មកសួរសុខទុក្ខ​ ​និង​នាំ​យក​គ្រឿង​ឧបភោគ​ ​បរិភោគ​ចែក​ជូន​ពលរដ្ឋ​ដើម្បី​ដោះ​សម្រាល​ការ​លំបាក​ជា​បណ្តោះអាសន្ន ។​

​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ទឹកជំនន់​នេះ​ ​ជា​ជំនន់​ទឹកភ្លៀង​ ​ដែល​ហូរ​ពី​ផ្នែក​ខាង​លើៗ​ ​ស្រប​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ចំនួន២ថ្ងៃនេះ​ ​មិនមែន​ជា​ទឹកជំនន់​ដែល​ភាគី​ថៃ​បើក​ទំនប់​បង្ហូរ​មក​ឡើយ​។​ ​

​លោក​បញ្ជាក់​ថា​ ​ដោយ​ការ​យកចិត្ត​ទុកដាក់​ពី​កងកម្លាំង​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​មករ​ក​ទីទួល​សុវត្ថិភាព​ ​និង​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​ ​និង​បាត់បង់ជីវិត​ឡើយ​ ​បើសិនជា​គ្មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​ទេ​ ​២ទៅ៣ថ្ងៃ​ ​និង​ស្រក​វិញ​ជាមិនខាន​៕ នីមវណ្ណា


ចែករំលែក៖