ខេត្តបន្ទាយមានជ័យ៖ មជ្ឈមណ្ឌលសកម្មកំចាត់មីនកម្ពុជា.ថៃ(CMAC-TMAC)ចុះពិនិត្យទីតាំងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍ នៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ដែលចំការមីនមាននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដែលឈមនិងភូមិស៊ីណាណយ ឃុំថាខាំ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
នៅក្នុងពិធីបដិសណ្ឋាកិច្ចទទួលគណៈប្រតិភូថៃ និងការចុះហត្ថលេខាកំណត់ហេតុប្រជុំរវាង(CMAC-TMAC) នៅសាលប្រជុំទីបញ្ជាការវរនគរបាលការពារព្រំដែនគោក៨៩១ ក្រោមអធិបតេយ្យភាព និងសាក្សី នាយកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិកា និងជាប្រធានក្រុមលេខាធិការនៃ គណកម្មការព្រំដែនទូទៅ(GBC)កម្ពុជា.ថៃ។
លោក សោម វីរៈ ប្រធានមជ្ឈមណ្ឌលកងឯកភាពចំចាត់មីនទី១ខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា ចំការមីនដែលត្រៀមដោះសហការមាន ១៤ទីតាំង ដែលមានចម្ងាយ៣០០ទៅ៥០០ម៉ែត្រពីអូរព្រំដែន ស្ថិតនៅក្នុងឃុំចំនួន៤ គឺឃុំអូរសំព័រ , ទួលពង្រ, នៅក្នុងស្រុកម៉ាឡៃ និងសង្កាត់ផ្សារកណ្តាល,សង្កាត់ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ មានផ្ទៃដី១២៦ហិកតា ស្នើនឹង ១,២៦៧,៥៦៣ ម៉ែត្រក្រឡា ដែលមានមីនប្រភេទប្រឆាំងមនុស្ស និងប្រឆាំងរថក្រោះរាយប៉ាយផងដែរ។
លោកបានបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានចំការមីនចំនួន ៦,២៤៩កន្លែងស្មើនឹង៣៥,៨៩៧ហិកតា ចំការមីនដែលបានសំអាតរួចមាន៣,៤១៨កន្លែងស្មើនឹង១៨,០៧៧ហិកតា និងចំការមីនមិនទាន់បានសំអាតមាន២,៨៣១កន្លែង ស្នើនឹង១៧,៨២០ហិកតា ដែលបច្ចុប្បន្ននេះ ចំការមីនមួយចំនួន ត្រូវបានប្រជាពលរដ្ឋកំពុងធ្វើលំនៅឋានរស់នៅផងដែរ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMACបានបញ្ជាក់ថា ការសហកាចំចាត់មីននៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ គឺភាគទាំងពីរមិនបានប្រើប្រាស់សម្ភាររួមគ្នានោះទេ ត្រូវបានបោសសំអាតលើទីតាំងចំការមីន តាមតំបន់លើបូរណភាពទឹកដីនៃប្រទេសនីមួយៗ តែយើងបានជ្រើសរើសទីតាំងសមស្របមួយដែលនៅក្បែរគ្នា ងាយស្រួលក្នុងការផ្លាស់ប្តូរបច្ចេកទេសរវាងគ្នានិងគ្នា៕ នីមវណ្ណា