ព័ត៌មានទាន់ហេតុការណ៍៖

រង្វង់មូលចាស់នៅមាត់ទន្លេ អតីតកំពង់សាឡាងក្លាយជាចំណតរថយន្តវិនិយោគ១៥ឆ្នាំហើយបន្ត១០ឆ្នាំទៀត សង្ស័យគ្មានថវិកាចូលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ACUគួរចុះស្រាវជ្រាវចំណតរថយន្តត្រូវបានគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើពុករលួយ ព្រោះវិនិយោគចំនួន១៥ឆ្នាំហើយ ត្រូវផុតកំណត់នៅចុងឆ្នាំ ២០១៩ តែបច្ចុប្បន្ននេះម្ចាស់ចំណតរថយន្តដែលគេដឹងថាជាក្រុមគ្រួសារ របស់លោកខេង ទិត្យ សីហាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ជាអ្នករត់ការ១០ឆ្នាំបន្តទៀត។

ប្រភពជាច្រើននិយាយតៗគ្នាថា គេសង្ស័យអាចមានអំពើពុករលួយ និងការឃុបឃិតគ្នា ទើបចំណតរថយន្តនេះនៅបន្តដដែល ដែលធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានរៀលក្នុងរយៈពេលវិនិយោគមួយអាណត្តិ ទៅមួយអាណត្តិ បែរជាថវិកាទាំងនោះចូលទៅក្នុងហោប៉ៅឯកជន ចែកគ្នាធ្វើមានធ្វើបានទៅវិញ។

ចំណែកស្ថានីយរថយន្តបង្កើតថ្មី មិនត្រូវដាក់ឲ្យដេញថ្លៃ ប្រកួតប្រជែងនៅលើទីផ្សារនោះទេ បែរជាបន្តឲ្យប្រពន្ធលោកប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្តនោះ យកផ្លូវសាធារណ:ជាប់រង្វង់មូលចាស់ មាត់ទន្លេអតីតផែសាឡាង ធ្វើជាចំណតរថយន្តបន្តទៅទៀត។

ទីតាំងបង្កើតថ្មីសម្រាប់ចំណតរថយន្ត ដែលគេទុកសម្រាប់វិនិយោគនោះ បែរជាទុកចោលទៅវិញ នៅចំណុចខាងលិចជាប់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងរយៈពេល ១៥ឆ្នាំហើយរហូតមកដល់បច្ចុប្បន្ននេះចំណតរថយន្តនោះគេមិនដែលឃើញមានរថយន្តណាមកឈប់ចតដាក់ភ្ញៀវ
ឬអីវាន់នោះឡើយ ពេលនេះបានក្លាយទៅជាចំណតគោដេកទៅវិញ ព្រោះគេឃើញតែអាចម៍គោនៅកន្លែងចំណតរថយន្តនោះ មានតែឈ្មោះប៉ុណ្ណោះ ហើយបែរជាមកយកផ្លូវសាធារណ:ក្នុងក្រុងធ្វើចំណតរថយន្តបណ្តោះអាសន្នក្លាយអចិន្ត្រៃទៅវិញ។

ប្រភពបានបន្តទៀតថា ចំណតរថយន្តដែលវិនិយោគនេះ នឹងផុតអាណត្តិ នៅចុងឆ្នាំ២០១៩នេះ គេនឹងបន្តវិនិយោគក្រៅប្រព័ន្ធបន្តទៀត ហើយអាជីវករពួកគាត់សូមសំណូមពរដល់ACU និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគួរតែចុះស្រាវជ្រាវ ពិនិត្យឲ្យបានច្បាស់លាស់ ថា តើមានអំពើពុករលួយនៅក្នុងខេត្តស្ទឹងត្រែង នេះដែរឬទេ ក្នុងករណីនេះ ហើយសុំឲ្យដាក់ដេញថ្លៃ នៅចំណតរថយន្តដែលមានហើយនៅបំណាច់ចុងឆ្នាំ២០១៩នេះជាសាធារណ: បើពុំដូចនោះទេ វានឹងធ្វើឲ្យខាតនឹងបាត់បង់ថវិកាជាតិក្នុងការវិនិយោគរយ:ពេល១០ឆ្នាំ កន្លងមកនេះ រាប់ពាន់លានរៀលឯណោះ សម្រាប់ចូលថវិការ​ជាតិ។

អ្នកស្រីស៊ី សុវណ្ណនី ដែលជាប្រធានមន្ទីរ សេដ្ឋកិច្ចហិរញ្ញវត្ថុខេត្ត លោកស្រីក៏បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ក្នុងការវិនិយោគ ១៥ឆ្នាំនោះ ពុំមានការចំណេញអីនោះទេ គេដោយសារតែមានខ្យល់ព្យុះបោកបក់ ធម្មជាតិប្រួលប្រែធ្វើឲ្យចំណតរថយន្តនោះ ខូចខាតយ៉ាងធ្ងន់ទើបគាត់សុំបន្តវិនិយោគ១០ឆ្នាំទៀត នៅចំណតរថយន្តចាស់ជាប់រង្វង់មូលកំពង់សាឡាងនេះដដែល បើទៅកន្លែងថ្មីវាឆ្ងាយពីទីប្រជុំជន ធ្វើឲ្យលំបាកដល់ការរកម៉ូយរបស់តៃកុងឡាន។

មជ្ឈដ្ឋានទូទៅបានលើកឡើងថា ការវិនិយោគចំណតរថយន្តថ្មីនោះ គឺគ្រាន់តែវិនិយោគមិនមានរថយន្តណាទៅចតឡើយ ការវិនិយោគបែបនេះធ្វើឲ្យខាតបង់ ថវិកាជាតិរាប់ពាន់លានរៀល ព្រោះក្នុងមួយថ្ងៃទៅមួយថ្ងៃ គេអាចប្រមូលបានថវិការាប់លានរៀលជាង បង់ទៅឲ្យម្ចាស់ភាស៊ីបច្ចុប្បន្នបើសិនជាដាក់ឲ្យដេញថ្លៃវិញនោះគឺធ្វើឲ្យថវិកាជាតិមានចំណូលយ៉ាងច្រើនក្នុងរយៈពេលវិនិយោគនោះ ព្រោះថារថយន្តនៅតែចតចំណតចាស់ក្នុងខេត្តដដែល ឯចំណតថ្មីទុកគ្រាន់តែឱ្យគោដេកតែប៉ុណ្ណោះ ហើយចំណតរថយន្តចាស់នោះសោធ អាចធ្វើឲ្យប:ពាល់ ដល់សោភ័ណ្ឌភាពនឹងសម្រស់ទីក្រុងស្អាត នឹងបង្កឲ្យគកស្ទះចរាចរណ៍ក្នុងការរៀបចំសណ្តាប់ធ្នាប់ផងដែរ ៕ មាស សុផាត


ចែករំលែក៖