ខេត្តបាត់ដំបង ៖ ដើម្បីជំរុញទឹកចិត្ត និង បណ្តុះការយល់ដឹងអំពីអាជីពនានាទៅកាន់កុមារតូចៗនៅកម្ពុជា អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់គម្រោង Let’s Read បានរៀបចំកម្មវិធីបង្កើតសៀវភៅរឿងសម្រាប់កុមារ (BookLab) ដែលមានរយៈពេល២ថ្ងៃ ដោយមានការចូលរួមពី វិចិត្រករ នាយកសិល្បៈ និងអ្នកដឹកនាំសិក្ខាសាលា ដើម្បីបង្កើតសៀវភៅរឿងកុមារដែលទាក់ទងនឹងអាជីពទាំង១១ ដែលនឹងត្រូវដាក់ឱ្យអាននិងប្រើប្រាស់ដោយសេរីនៅលើបណ្ណាល័យឌីជីថល Let’s Read ។
Let’s Read គឺជាគំនិតផ្តួចផ្តើមឌីជីថលដែលចំនួនសៀវភៅកើនឡើងយ៉ាងរហ័សរហូតដល់ជាង ២០០០ក្បាលក្នុង ២៣ភាសាផ្សេងៗគ្នា ជាពិសេសសៀវភៅជាភាសាខ្មែរដែលមានរហូតដល់ជិត ៣០០ក្បាល។បណ្ណាល័យឌីជីថលនេះ បង្កើតឡើងក្នុងយុគសម័យដែលទូរសព្ទស្មាតហ្វូនកំពុងពេញនិយម ហើយបណ្ណាល័យមួយនេះ អនុញ្ញាត ឱ្យសាធារណជន អាចទាញយកសៀវភៅមកអាន តាមរយៈគេហទំព័រអនឡាញ និងកម្មវិធីក្នុងទូរសព្ទដៃ(App)តាមរយៈ Google Play Store ផងដែរ។ បណ្ណាល័យឌីជីថលនេះត្រូវបាននិងកំពុងតែត្រូវដៃគូអភិវឌ្ឍនៅក្នុងវិស័យអប់រំ យកទៅប្រើប្រាស់ទាំងក្នុងសាលា និងជាជំនួយដល់កម្មវិធីផ្សេងៗទៀតរបស់ពួកគាត់នៅទូទាំងប្រទេសកម្ពុជា។នេះជាលើកដំបូងដែល កម្មវិធីផលិតសៀវភៅរឿងកុមារ(BookLab) របស់ Let’s Read ត្រូវបានរៀបចំឡើងនៅហ្វារពន្លឺសិល្បៈឯខេត្តបាត់ដំបង។ កម្មវិធីនេះមានការចូលរួមដោយ លោកយី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង លោក Kyle Barker នាយករងកម្មវិធីសៀវភៅសម្រាប់អាស៊ី នៃអង្គការមូលនិធីអាស៊ី DJ Nana ទូតសុឆន្ទះ (CSR Ambassador) នៃក្រុមហ៊ុន Smart Axiata និង លោក ពៅ កាំង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Starbucks Cambodia។
លោកយី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបងបានកត់សម្គាល់ថា “យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយដែលកម្មវិធីផលិតសៀវភៅលើកនេះ ត្រូវបានរៀបចំនៅខេត្តបាត់ដំបង។ ក្រសួងអប់រំតែងតែផ្លល់ការគាំទ្រចំពោះដៃគូអភិវឌ្ឍន៍ក្នុងការផលិតធនធានអំណានដែលមានគុណភាពខ្ពស់ និងការលើកកម្ពស់ទម្លាប់នៃការអាន ក៏ដូចជាការគិតពិចារណាល្អិតល្អន់ក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗនៅកម្ពុជា។ យើងនឹងប្រើប្រាស់ធនធានទាំងនោះនៅក្នុងសាលារៀនរបស់យើងឱ្យអស់ពីលទ្ធភាព”។“យើងសង្ឃឹមនិងជឿជាក់ថា សៀវភៅរឿងកុមារស្តីពីអាជីពនឹងជាកម្លាំងជម្រុញចិត្តយ៉ាងខ្លាំងដល់កុមារទាំងអស់ ព្រមទាំងបើកឱកាសឱ្យកុមារអាចមើលឃើញខ្លួនឯងនៅក្នុងតួនាទីទាំងនោះនាពេលអនាគត។ លោក Kyle Barker មានប្រសាសន៍បន្ថែមថា យើងបានជ្រើសយកប្រធានបទនេះឡើងដោយស្របទៅនឹងបរិបទនៃប្រទេសកម្ពុជាដែលកំពុងស្ថិតក្នុងយុគសម័យបដិវត្តឧស្សាហកម្មលើកទី៤ ហើយសៀវភៅទាំងនេះនឹងជួយកុមារបង្កើតចំណាប់អារម្មណ៍ក្នុងការស្វែងរកអាជីពនៅក្នុងវិស័យស្ទែម ដែលរួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា” ។
កម្មវិធី Let’s Read ត្រូវបានគាំទ្រដោយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Starbucks Cambodia ដែលជាក្រុមហ៊ុនកាហ្វេឈានមុខគេនៅលើពិភពលោកតាំងពីឆ្នាំ១៩៧១។
លោក Jonathan Yap ជាប្រធានផ្នែកគ្រប់គ្រង និងកិច្ចការសហការ នៃក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ “ក្រុមហ៊ុន បានចូលរួមលើកកម្ពស់ទម្លាប់នៃការអាន និងអក្ខរកម្មតាមរយៈការចូលរួមគាំទ្រក្នុងសកម្មភាពសង្គមនានា។ សៀវភៅឌីជីថល ដែលបង្កើតដោយ Let’s Read បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារឱ្យបង្កើតទម្លាប់អានសៀវភៅ និងចាប់ផ្តើមការស្រមើស្រមៃខ្ពស់ ដោយប្រើប្រាស់សម្ភារៈអប់រំតាមអ៊ីនធឺណែត។ វាជាការប្រសើរណាស់ដែលមានគម្រោង Let’s Readមួយនេះ ហើយយើងបានគាំទ្រតាំងពីឆ្នាំ២០១៧ ឥឡូវបានពង្រីកខ្លួនដល់ខេត្ត ដែលអាចឱ្យអ្នកស្ម័គ្រចិត្ត វិចិត្រករ និងនាយកសិល្បៈបានទទួលយកនូវបទពិសោធថ្មីប្លែក ខណៈពេលបង្កើតខ្លឹមសារ ដែលមានភាពចាំបាច់សម្រាប់អនាគតយុវជនកម្ពុជា”។
លោក ពៅ កាំង ប្រធានផ្នែកទីផ្សារ ប្រចាំនៅ Starbucks Cambodia បានមានប្រសាសន៍ថា៖ “ចាប់ពីឆ្នាំ ២០១៨ មកពួកយើងបានសហការជាមួយអង្គការ មូលនិធិអាស៊ី លើគម្រាង Let’s Read ដែលពួកយើងបានចូលរួមក្នុងសកម្មភាពជាច្រើនដូចជា ការកែសម្រួល និងសរសេរសៀវភៅរឿងនិទានទាក់ទងពីប្រវត្តិកាហ្វេ ដែលចូលរួមដោយដៃគូឆុងកាហ្វេ (បុគ្គលិក) របស់យើង ចំណែកឯអតិថិជនយើងក៏បានចូលរួមចំនែកតាមរយៈ ការទិញសៀវភៅនោះផងដែរ ។ កម្មវិធីសប្បុរសធម៌នេះ វាស្របទៅនឹងអ្វីដែល Starbucks ទូទាំងពិភពលោកបានគាំទ្រក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ។ បន្ទាប់ពីកម្មវិធី Booklab នេះរួចរាល់ យើងនឹងធ្វើការបោះពុម្ពខ្នាតធំ ហើយចែកចាយតាមសាខារបស់យើងទូទាំងប្រទេសក្នុងរដូវកាលបុណ្យណូអែលខាងមុខនេះ ” ៕ វឌ្ឍនា