ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើល ព្រោះតែរឿងថៅកែផលិតកម្ម KH លោក គឹម ហេង បានឃើញថា ធ្លាក់ខ្លួនមកលក់ដូរទឹកសុទ្ធតាមចិញ្ចើមផ្លូវនោះ តារាចម្រៀង សុខ ស្រីនាង ដែលធ្លាប់មានមុខមាត់ក្នុងផលិតកម្មនោះបានលេចមុខសួរសុខទុក្ខលោកភ្លាម។ ជាការជួបជុំសួរសុខទុក្ខធម្មតាក្នុងឱកាសបុណ្យភ្ជុំមែន ប៉ុន្តែរូបភាពនៃការជួបនេះបានរំលឹកដាស់តឿនទៅដល់សិល្បករ ពិសេសតារាល្បីៗមួយចំនួនដែលភ្លេចអ្នកធ្លាប់ជួយជ្រោមជ្រែងខ្លួនឲ្យមានមុខរហូតដល់សព្វថ្ងៃ។
អតីតថៅកែផលិតកម្ម KH លោក គឹម ហេង បានប្រកាសខ្លួនឯងថា បានមកលក់ភេសជ្ជៈលើដងផ្លូវជាតិលេខ ១ ក្រោយបាត់មុខជាង ១០ ឆ្នាំ ជាមួយគ្នានេះក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈទូទៅ ។ កាលពីជាង១០ ឆ្នាំមុនផលិតកម្ម លោក ធ្លាប់មានឈ្មោះបោះសំឡេង និង ប្រជុំទៅដោយតារាចម្រៀងល្បីឈ្មោះជាច្រើន ដូចជា កញ្ញា សុខ ពិសី អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ លោក សាន ផានិត និង លោក ស៊ី សុវត្ថិ ជាដើម ។ ដោយឡែក ក្រោយបានឮព័ត៌មានម្ចាស់ផលិតកម្ម KH លោក គឹម ហេង ធ្លាក់ខ្លួនបែបនោះ តារាចម្រៀង សុខ ស្រីនាង ក៏មិនបង្អង់យូរឡើយ ដោយនាងបានប្រញាប់ធ្វើរឿងមួយនេះដល់លោកដែលធ្លាប់ជាអ្នកមានគុណដំបូងរបស់ខ្លួន ។ សុខស្រីនាងថា នាងសឹងតែមិនជឿ ថាជាថៅកែរបស់នាង។
នាងមិនដែលភ្លេចទេ ថាគាត់គឺជាអ្នកមានគុណដំបូង ដែលបានផ្តល់កន្លែងអោយនាងបានច្រៀង បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បើគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងនាងដែរ នាងចង់ជួបគាត់ណាស់។បើតាមទំព័រហ្វេសប៊ុក សុខ ស្រីនាង កាលពីថ្មីៗនេះបានបង្ហាញឲ្យដឹងថា នាងបានទៅជួបលោក គឹម ហេង ដែលជាអតីតម្ចាស់ផលិតកម្ម KH ដោយនាងបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងពេលបានជួបផ្ទាល់ ។
ជាមួយការទៅជួបអតីតម្ចាស់ផលិតកម្ម KH លោក គឹម ហេង នោះ តារាចម្រៀង សុខ ស្រីនាង ក៏បានសួរសុខទុក្ខ ហើយក៏បានចែករំលែកពីទឹកចិត្តដែលមានជាកាដូ និង ថវិកាផងដែរជូនចំពោះអ្នកមានគុណរូបនេះ ។ជាមួយនឹងទឹកចិត្តរបស់តារាចម្រៀង សុខ ស្រីនាង ក៏បានធ្វើឲ្យមហាជនកោតស្ញប់ស្ញែងយ៉ាងខ្លាំង ដោយក្នុងនោះក៏មានការនិយាយដែរថា តារាចម្រៀង សុខ ស្រីនាង មិនបានភ្លេចកំណើតឡើយ ដោយគ្រាន់តែឮអ្នកធ្លាប់មានគុណធ្លាក់ខ្លួន នាងក៏មិនបង្អង់ចាំយូរដោយបានថ្កាត់មកជួប និង ធ្វើរឿងដ៏មានទឹកចិត្តមួយនេះ។
រូបថតមួយនេះក៏ជាការរំលឹកដាស់តឿនដល់សិល្បករមួយចំនួនដែលល្បីភ្លេចខ្លួន ភ្លេចអ្នកជួយជ្រោមជ្រែងឲ្យភាពល្បីល្បាញលុយកាក់ហូរហៀរមកដល់សព្វថ្ងៃ៕ វឌ្ឍនា