ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជាជនជាតិចិន២នាក់ គាស់ទូដែកហាងកាត់សក់ យកលុយ២២.០០០ដុល្លារត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស ចូលគាស់ទូដែកក្នុងបន្ទប់ស្នាក់នៅ បុរីសមសួន ក្នុងហាងកាត់សក់ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃចន្ទ ១០ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក‌ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឈិន ឈានជីន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន មុខរបរលក់បាយ មានទីលំនៅខេត្តភូជាន ប្រទេសចិន និង ឈ្មោះ ឈិន ធីង ភេទប្រុស អាយុ២៧ឆ្នាំជនជាតិចិន មុខរបរលក់បាយ មានទីលំនៅខេត្ត ភូជាន ប្រទេសចិនស្នាក់នៅបណ្ដោះអាសន្ន នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះជាជនជាតិចិនមានឈ្មោះ ចាង ហាយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរកាត់សក់ មានទីលំនៅខេត្តភូជាន ប្រទេសចិន ដោយបានបាត់បង់ប្រាក់ចំនួន ២២០០០ដុល្លារ (ពីរម៉ឺនពីរពាន់ដុល្លារ) ។

ប្រភពបន្តថា ដោយមានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការរងទទួលផែនអន្តោប្រវេសន៍ ដោយមានការបញ្ជាពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងឲ្យធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ នៅត្រង់ចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រដោយ បានធ្វើសកម្ម ភាពកាស់ទូដែកក្នុងបន្ទប់ស្នាក់នៅ បុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង របស់ជនរងគ្រោះលួចយកប្រាក់អស់ចំនួន ២២០០០ USD (ពីរម៉ឺន ពីរពាន់ដុល្លារ) ។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖