ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅជាង៣០គ្រួសារ ក្នុងចំណោមពលរដ្ឋជាង១០០គ្រួសារ ត្រូវអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនៅល្ងាចថ្ងៃទី២២ ខែកញ្ញា ក្រោយពីទឹកជន់លិចលំនៅដ្ឋានពួកគាត់។
លោក តុល សារិន មេឃុំអូរបីជាន់ បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិខាងលើដែលមានទីតាំងជាប់អូរព្រំដែនផងនោះ ងាយរងគ្រោះ ដែលសរុបទាំងជាង១០០គ្រួសារ តែអ្នកដែលជនលិចខ្លាំង ផ្ទះដែលលិចមិនអាចរស់នៅបាននោះមានប្រមាណជាង៣០គ្រួសារហើយមកទល់នឹងល្ងាចថ្ងៃទី២២ ខែកញ្ញា អាជ្ញាធរក៏សម្រេចជម្លៀសពួកគាត់ចេញ។
បន្ទាប់ពីទទួលព័ត៌មានថា ផ្ទះសម្បែងប្រជាពលរដ្ឋ មានការលិចលង់ និងជម្លៀសទៅរកទីទួលសុវត្ថិភាពផងនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគចែកជូនពលរដ្ឋដើម្បីដោះសម្រាលការលំបាកជាបណ្តោះអាសន្ន ។
លោកបានប្រាប់អ្នកសារព័ត៌មានថា ទឹកជំនន់នេះ ជាជំនន់ទឹកភ្លៀង ដែលហូរពីផ្នែកខាងលើៗ ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាចំនួន២ថ្ងៃនេះ មិនមែនជាទឹកជំនន់ដែលភាគីថៃបើកទំនប់បង្ហូរមកឡើយ។
លោកបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ពីកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព និងគ្មានពលរដ្ឋណាម្នាក់រងរបួស និងបាត់បង់ជីវិតឡើយ បើសិនជាគ្មានភ្លៀងធ្លាក់ខ្លាំងនោះទេ ២ទៅ៣ថ្ងៃ និងស្រកវិញជាមិនខាន៕ នីមវណ្ណា