ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាកិត្តិយសក្នុងពិធីរំលឹកខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាកិត្តិយសក្នុងពិធីរំលឹកខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រព្រឹត្តទៅនៅអគារ City Hall នៃមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ពិធីអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះផងដែរ គឺមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា ជាពិសេសមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាជាច្រើនរូបផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អបអរសាទរចំពោះខួប៧០ឆ្នាំនៃការបង្កើតសាធរណរដ្ឋប្រជាមាននិតចិន។ កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងពីថ្ងៃទី១៩ កក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងកំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ១៩៥៥ នៅទីក្រុងបានឌុងប្រទេសឥណ្ឌូនេស៊ី និងការបំពេញទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦។ ស្របពេលនោះដែរ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះបានកសាងឡើងរួមគ្នាដោយ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗដែលបានធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។

តាមរយៈទំនាក់ទំនងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើនដើម្បីដឹកនាំប្រទេស និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ ទន្ទឹមនឹងនេះ ការរីកច្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណេះទេ ប៉ុន្តែថែមទាំងបាននឹងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងបណ្តាលប្រទេសក្នុងតំបន់ និងលើពិភពលោកទៀតផង។ ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវមួយ” ដើម្បីពង្រឹកភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប ឈ្នះ-ឈ្នះ រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះជាច្រើនទៀត ដែលកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ទាំងនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំញេះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ លទ្ឋផលជាផ្លែផ្កាដែលយើងទទួលបាននាពេលកន្លងមក រួមទាំងការប្តេជ្ញាបន្តលើកកម្ពស់វិសាលភាពនៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំញេះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងសហការីទាំងអស់ដែលបានខិតខំជំរុញ និងលើកស្ទួយទំនាក់ទំនងល្អរួមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើ និងជូនពរដល់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង អោយទទួលបានសុខ ភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ។ បន្ទាប់ មក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញពិសារអាហារសាគ្គីមិត្តភាពជាមួយថ្នាក់ ដឹកនាំកម្ពុជា-ចិន និងទស្សនាវីដេអូឯកសារអភិវឌ្ឍនៃប្រទេសចិន ក្នុងបរិយាកាស រីករាយក្រៃលែង៕


ចែករំលែក៖