ខេត្តសៀមរាប ៖ គ្រាន់តែមើលមុខក៏កើតជាជម្លោះពាក្យសម្តីនៅក្នុងហាង ផឹកស៊ី យីហោ ធីមផលបារ ឈានដល់ ភាគីជនបង្ក២នាក់( មិត្តភក្តិស្រី និងប្រុស ) បានយកកែវស្រាវាយចំក្បាលជនរងគ្រោះម្នាក់បណ្តាលឲ្យបែកក្បាល ហើយត្រូវបានកម្លាំងនគរបាលក្រុងហៅទៅសួរនាំនិង ឈានដល់ ឃាត់ខ្លួនតែម្តង ។
នគរបាលខេត្តសៀមរាបបានឲ្យដឹងនៅល្ងាចថ្ងៃទី៣០នេះថាករណី អំពើហិង្សាដោយមានស្ថានទម្ងន់ទោស (ប្រើកែវស្រាវាយទៅលើជនរងគ្រោះ )ម្នាក់បណ្តាលឲ្យបែកក្បាលនោះត្រូវបានឃាត់ខ្លួនហើយបន្ទាប់ពី សួរនាំអស់ជាច្រើនម៉ោងរួចមក ក្នុងដំណើររឿង គឺនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង ៣០ នាទី នៅត្រង់ចំណុចក្នុងហាង ផឹកស៊ី យីហោ ធីមផលបារ ស្ថិតនៅ ភូមិមណ្ឌល ១ សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះឆៃ វឌ្ឍនា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ យោធា ទីលំនៅបច្ចុប្បន្នភូមិ ១៤ សង្កាត់បឹងកក់ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ និង មិត្តភក្តិ ផ្សេងទៀតបាននាំគ្នាចូលទៅផឹកស៊ីនៅក្នុង ហាងខាងលើ ពេលដែលមិនទាន់បានផឹកផង ដើររកកន្លែងអង្គុយពេលនោះពួកគេក៏បានជួបនឹងឈ្មោះ ឡៅ ជីង លី ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅបច្ចុប្បន្ន ភូមិ ២ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ពេលនោះ ឈ្មោះ តុប សុភក្ត្រា បានមើលមុខ ឈ្មោះ ឡៅ ជីង លី ឈ្មោះ ឡៅ ជីង លី ក៏បាននិយាយថា អាអែង មើលមុខអី ពេលនោះ ភាគីទាំងពីរបាននិយាយប្រកែកមានជម្លោះ ពាក្យសំដីគ្នាទៅវិញទៅមកហើយ ឈ្មោះ ឡៅ ជីង លី បានស្ទុះមកវាយលើ ឈ្មោះ តុប សុភក្ត្រា ឈ្មោះ ពេលនោះឈ្មោះ ឆៃ វឌ្ឍនា ក៏បានចូលទៅជួយឃាត់ហើយ ត្រូវបាន ឈ្មោះ ឡៅ ជីង លី យកកែវស្រាដែលជាកែវថ្ម វាយមកលើ ឈ្មោះ ឆៃ វឌ្ឍនា ត្រូវចំក្បាលបណ្ដាលឲ្យបែកចំនួន០២ កន្លែង ផ្នែកខាងស្តាំ ដេរ០៤ថ្នេរ ផ្នែកខាងឆ្វេងដាច់រយៈ ដេរចំនួន១ថ្នេរ និង រងរបួសរយះលើចង្អុលដៃខាងស្ដាំ ដេរចំនួន ៣ថ្នេរ ចំណែក ឈ្មោះ ឡៅ ជីង លី នៅពេលវាយទៅលើជនរងគ្រោះបណ្ដាលឲ្យ កែវ បែកមុតដៃត្រង់ប្រអប់ដៃ ខាងស្ដាំ ដេរចំនួន ០៨ថ្នេរ បន្ទាប់មកសមត្ថកិច្ច នាំខ្លួនភាគី ទាំងសងខាង យកមកធ្វើការសាកសួរក្រោយពីការសាកសួរ ឈ្មោះ ឡៅ ជីង លី បានសារភាពថាខ្លួនពិតជាបានវាយទៅលើឈ្មោះ ឆៃវឌ្ឍនា បណ្ដាល ឲ្យរងរបួស ដូចបានរៀបរាប់ខាងលើពិតមែន ។ ក្នុងនោះដែរ ជនបង្កបានទះកំផ្លៀងទៅលើនគរបាលអន្តរាគមន៍១ដៃដែរ នៅមុខមហាជន តែក្រោយស្វាងស្រាក៏សុំទោសមកលើនគរបាលវិញ ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញក្រុងសៀមរាបកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ សូមរម្លឹកថា ករណីនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្រុងសៀមរាប ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសបុក បានរិះគន់ យ៉ាងចាស់ថា ជនបង្ក អាងខ្សែអ្នកធំនៅពីក្រោយបានជាហ៊ានវ៉ៃតប់គ្នាបែបនេះ ។ មហាជន និងបណ្តាញសង្គមបានទទូចឲ្យស្ថាប័នតុលាការ មេត្តាចាត់ការជនល្មើសខាងលើនេះ ឲ្យបានចាស់បន្តិចផងដើម្បីកុំឲ្យចេះតែអាងខ្សែពេក ៕ ប៊ុនរិទ្ធី