រដ្ឋាភិបាលកូរ៉េខាងជើង នៅដើមខែតុលានេះ បានស្នើដល់ អាមេរិក ឲ្យបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ ។ ទីក្រុងព្យុងយ៉ាងបានប្រកាសថា កិច្ចពិភាក្សា រីកចំរើនឆ្ពោះទៅមុខ ឬថយក្រោយ អាស្រ័យទៅលើការសម្រេចរបស់អាមេរិក ។
មានប្រសាសន៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាពេលកន្លងមក អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Kim Song បានអំពាវនាវដល់អាមេរិក អនុវត្ត ទៅតាមសេចក្តីប្រកាសរួម នៅក្នុងជំនួប កាលពីថ្ងៃទី១២ ខែ មិថុនាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ។ តាំងពីពេលនោះមកទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង នៅមិនមានការរីកចំរើន ហើយស្ថានភាពនៅឧបទ្វីបកូរ៉េនៅតែមិនទាន់រួចផុតពីភាពតានតឹង ភាគច្រើនកើតចេញពី គោលនយោបាយ ចងគំនុំហួសសម័យរបស់អាមេរិក ។
តាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងជើង អាមេរិកចាំបាច់ត្រូវតែ បោះបង់ការដាក់គំនាប់ទៅលើកូរ៉េខាងជើង ហើយបង្កើតទំនាក់ទំនងតាមបែបថ្មី ទើបអាចធ្វើឲ្យប្រសើឡើងនៅគ្រប់វិស័យ ។
រដ្ឋាភិបាលកូរ៉េខាងជើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានបន្ទោសសហរដ្ឋអាមេរិក ចំពោះការខកខានមិនបានចាប់ផ្តើមចរចាឡើងវិញ លើបញ្ហាជាប់គាំងជាងមួយឆ្នាំមកហើយ គឺក្រោយពីជំនួបលើកដំបូងបំផុតរវាងលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន ស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរនោះ ។
ប្រទេសកូរ៉េខាងជើងបានអះអាងថា នៅចុងខែកញ្ញា ឆ្នាំ២០១៩ ខ្លួនពិតជាមានឆន្ទៈយ៉ាងពិតប្រាកដនៅក្នុងការចាប់ផ្តើមចរចាឡើងវិញ ប៉ុន្តែទីក្រុងវ៉ាស៊ីនទីក្រុងវ៉ាស៊ីនតោនអះអាងថា ចាំបាច់ខ្លួនត្រូវការប្រកាន់យកនូវវិធីសាស្ត្រថ្មីមួយទៅវិញ ។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានថ្លែងកាលពីពេលថ្មីៗនេះថា កិច្ចប្រជុំនៅចុងខែកញ្ញានេះ គឺមិនអាចទៅរួចនោះទេ បើទោះបីទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជួបចរចា ហើយមានជំនឿជឿជាក់ថា វាមានសារៈសំខាន់យ៉ាងណាក៏ដោយនោះ ។
លោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងអង្គមហាសន្និបាតថា វាដល់ពេលវេលាដែលទីក្រុងវ៉ាស៊ីនតោនបង្ហាញអំពីគម្រោងដើម្បីជួបពិភាក្សានោះហើយ ។
លោក Kim Song បានបញ្ជាក់ថា តាមការសន្មត អាមេរិកគួរតែមានពេលវេលាគ្រប់គ្រាន់ហើយ គណនារកវិធីមួយដើម្បីបង្ហាញជាមួយយើង ។ យើងបានបង្ហាញឆន្ទៈក្នុងការអង្គុយចរចាជាមួយសហរដ្ឋអាមេរិក ដែលជាការចរចាមួយដ៏ទូលំទូលាយទៅលើបញ្ហាដែលយើងបានពិភាក្សាគ្នានាពេលកន្លងមក ។
នៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងបានអំពាវនាវឲ្យមានការអនុវត្តតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយលោក ត្រាំ និងលោក គីម ជុងអ៊ុន បន្ទាប់ពីជំនួបលើកដំបូងរបស់មេដឹកនាំទាំងពីរនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ ។ កាលណោះ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា នឹងជំរុញឲ្យមានទំនាក់ទំនងជាថ្មី និងកិច្ចការងារឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។
លោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងបានថ្លែងថា ពេលវេលាច្រើនជាងមួយឆ្នាំហើយ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាមេរិក មានការរីកចម្រើនតិចតួចប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ស្ថានភាពនៅឧបទ្វីបកូរ៉េ ក៏មិនទាន់ធូរស្បើយពីស្ថានការតានតឹងនោះឡើយ ។ លោក Kim Song បានបន្តថា «វាអាស្រ័យទៅលើអាមេរិក ថាតើ កិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងនោះក្លាយជាឱកាសដែលធ្វើឲ្យវិបត្តិនោះធូរស្រាល ឬមិនធូរស្រាលនោះ» ។
កន្លងមករដ្ឋាភិបាលអាមេរិក បានប្រកាសថា បានត្រៀមលក្ខណៈ ជួបពិភាក្សា ជាមួយមេដឹកនាំកូរ៉េខាងជើងនៅក្នុងពេលឆាប់ៗខាងមុខដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់កម្មវិធីបរមាណូនាំមកនៅសន្តិភាពនៅឧបទ្វីបកូរ៉េ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទៅតាមឆន្ទៈរបស់មេដឹកនាំប្រទេសទាំងពីរ ក្នុងការបញ្ចប់វិបត្តិ ជំនួបពិភាក្សា អាចនឹងត្រូវបានធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខ ដោយអាចរៀបចំឡើងនៅក្នុងឆ្នាំ២០១៩នេះ ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពិតជាមានបំណង បោះបង់កម្មវិធីបរមាណូ យ៉ាងពិតប្រាកដ ប៉ុន្តែត្រូវតែមានការធានាដល់សន្តិសុខ សុវត្ថភាពពីអាមេរិក និងកូរ៉េខាងជើង ពិសេសគឺចុះសន្ធិសញ្ញាសន្តិភាព ។
ប៉ុន្តែកូរ៉េខាងជើង នៅតែត្រៀមលក្ខណៈសម្រាប់ទប់ទល់ជាមួយអាមេរិក ជានិច្ច ដោយដឹងថា អាមេរិក អាចក្រឡាស បាតដៃខ្នងដៃ ប្រែប្រួលគ្រប់ពេលវេលា ។ ចំណុចទាំងនោះហើយបានជាកូរ៉េខាងជើង នៅតែបន្តផលិតអាវុធទំនើបៗ ជាច្រើន ដើម្បីការពារខ្លួន ពេលមិនទាន់មានការធានាសន្តិសុខជាលក្ខណៈអន្តរជាតិ។
ក្រុមអ្នកជំនាញបានលើកឡើងថា កូរ៉េខាងជើង អាចផលិតបានក្បាល់គ្រាប់បរមាណូ រាប់សិបគ្រាប់នៅក្នុងឆ្នាំ២០២០ខាងមុខ ប្រសិនបើអាមេរិក មិនទាន់មានកិច្ចព្រមព្រៀងណាមួយនោះ។ ការពន្យាពេលរបស់អាមេរិក នឹងជំរុញឲ្យកូរ៉េខាងជើង ក្លាយទៅជា ប្រទេសបរមាណូ ថ្មីនៅលើពិភពលោក និងជាប្រទេសទី៤នៅទ្វីបអាស៊ីមានគ្រាប់បែកបរមាណូ៕